ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញគ្រោងចេញដីកាកោះហៅអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន ៧នាក់ថ្មីទៀត ឲ្យចូលខ្លួនឆ្លើយបំភ្លឺក្នុងសំណុំរឿងធ្វើបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដែលបង្កឲ្យមានហិង្សាយ៉ាងធ្ងន់ធ្ងរលើកងរក្សាសន្តិសុខសណ្តាប់ខណ្ឌដូនពេញជាង៣០នាក់។
ព័ត៌មាននៃការគ្រោងកោះហៅនេះ ត្រូវបានទម្លាយឲ្យដឹងដោយមន្ត្រីតុលាការរាជធានីភ្នំពេញបន្ទាប់ពីសកម្មជនបក្សសង្គ្រោះជាតិត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារព្រៃសជាបន្តបន្ទាប់។ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិឯណោះវិញបានឲ្យដឹងថា មានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួន ដែលពាក់ព័ន្ធក្នុងសំណុំរឿងបង្កហិង្សាក្នុងបាតុកម្មរំដោះទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥កក្កដា២០១៤ បានចេញទៅក្រៅប្រទេស។
ថ្មីៗនេះដែរ សំណុំរឿងកុបកម្មរំដោះទីលានប្រជាធិបតេយ្យ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យនាំខ្លួនជំនួយការម្នាក់របស់លោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងម្នាក់ទៀតជាជំនួយការរបស់លោក គង់ សុភា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ទាក់ទងសំណុំរឿងខាងលើ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន៧នាក់ ដែលសាលាដំបូងរាជធានីភ្នំពេញគ្រោងកោះហៅឲ្យចូលខ្លួនមានដូចជា៖ ១.លោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តស្វាយរៀង ២.លោកស្រី មូរ សុខហួរ តំណាងរាស្ត្រមណ្ឌលខេត្តកំពត ៣.លោក នុត រំដួល តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ៤.លោក ឡុង រី តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ៥.លោក កែវ ភារម្យ តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ៦.លោក ហូរ វ៉ាន់ តំណាងរាស្ត្រណ្ឌលរាជធានីភ្នំពេញ និងទី៧.លោក ម៉ែន សុថាវរិន្ទ្រ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តកំពង់ស្ពឺ។
ក្នុងករណីនេះដែរ រហូតមកដល់ពេលនេះមានមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន១៤នាក់ហើយ ដែលត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសដាក់ពន្ធនាគារជាបន្តបន្ទាប់។ ក្នុងនោះសកម្មជន ១១នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ទៅ២០ឆ្នាំ ដោយចោទពីបទដឹកនាំធ្វើកុបកម្ម និងចូលរួមកុបកម្ម រំដោះទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដែលបណ្តាលឲ្យសន្តិសុខខណ្ឌដូនពេញចំនួន ៣៨នាក់រងរបួស៕