ចិន ៖ ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបសង្កេតមើលមហាសមុទ្រដោយជោគជ័យទៅក្នុងតារាវិថីពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan នៅខេត្តសានស៊ីភាគខាងជើងប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ។នេះបើយោងតាមប្រភពពីសារព័ត៌មានចិន ស៊ិនហួរ។
ផ្កាយរណប HY-1D ត្រូវបានបាញ់បង្ហោះឡើង ដោយប្រើប្រាស់រ៉ុក្កែត Long March-2C កាលវេលាម៉ោង ២៖៣១នាទីទាបភ្លឺ (ម៉ោងនៅទីក្រុងប៉េកាំង) នេះបើយោងតាមរដ្ឋបាលអវកាសជាតិចិន (CNSA) ។
ផ្កាយរណបថ្មីនេះគឺដើម្បីចូលរួមនៅក្នុងបេសកកម្ម បង្កើតបណ្តាញផ្កាយរណបចិន សម្រាប់សម្រួលដល់ការធ្វើនាវាចរនៅតាមដែនសមុទ្រ។ ផ្កាយរណបនេះត្រូវបានគេរំពឹងថាមិនត្រឹមតែសម្រាប់សម្រួលដល់ផ្នែកនាវាចរប៉ុណ្ណោះទេ តែវាក៏នឹងធ្វើការសិក្សាលម្អិត ទៅលើស្ថាភាពប្រែពណ៌នៃមហាសមុទ្រ, ធនធានធម្មជាតិក្នុងសមុទ្រ និងបរិស្ថានអេកូឡូស៊ីជាដើម។ បន្ថែមពីនេះចង្កោមផ្កាយរណប HY របស់ចិននឹងជួយដល់ការសិក្សាអំពីបញ្ហាបម្រែបម្រួល នៃអាកាសធាតុភពផែនដីផងដែរ។
សូមជម្រាបថា ផ្កាយរណប HY-1D នឹងត្រូវដាក់ឲ្យធ្វើប្រតិបត្តិការរួម ជាមួយ ផ្កាយរណបមួយទៀតឈ្មោះ HY-1C ដែលត្រូវបានបាញ់បង្ហោះ កាលពីខែកញ្ញា ឆ្នាំ២០១៨៕