បន្ទាយមានជ័យ ៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើការចែកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ ដល់ពលរដ្ឋប្រមាណជា ៥០គ្រួសារ មកពីសង្កាត់ចំនួន២នៃក្រុងសិរីសោភ័ណដែលមានជីវភាពទីទ័លក្រ ចាស់ជរា ។ការចែកជូនធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្នុងបរិវេណវត្តភ្នៀត សង្កាត់ភ្នៀត ក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានលើកឡើងថា ក្នុងកាលៈទេសៈដែលមេរោគកូវិដ១៩ បាន និងកំពុងរាតត្បាតពាសពេញសកលលោក ហើយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ជារៀងរាល់ថ្ងៃ។ ករណីនេះក៏បានអោយមនុស្សមានការរអារឆ្លងជម្ងឺនេះមិនហ៊ានចេញទៅរកស៊ី ប្រកបរបរផ្សេងៗ។ក្នុងនោះបងប្អូនប្រជាពលរដ្ឋយើងក៏មានការភ័យខ្លាចមិនហ៊ានចេញទៅប្រកបរបរ រកស៊ីទទួលទានផងដែរ។
ដោយហេតុមិនហ៊ានចេញរកស៊ីនេះហើយ ទើបធ្វើអោយបងប្អូនមួយចំនួនធំជួបនូវបញ្ហាខ្វះខាត។អាជ្ញាធរក្រុងក៏ដូចជាស្រុកទាំង៩របស់ខេត្តបានទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរដោះស្រាយលើកង្វះខាតនេះ ហើយកន្លងមកសង្កាត់មួយចំនួន អាជ្ញាធរក្រុងបានដោះស្រាយរួចហើយ និងកំពុងបន្តដោះស្រាយបន្ថែមទៀត។ជាក់ស្តែងសម្រាប់អំណោយរបស់ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ៥០គ្រួសារក្នុងសង្កាត់ចំនួនពីរគឺសង្កាត់ភ្នៀត៣០គ្រួសារ និងសង្កាត់កោះពងសត្វ ២០គ្រួសារ ។
លោក អ៊ី ឡុង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា បងប្អូនមិនអាចចេញទៅរកស៊ី ប្រកបមុខរបរបាន និងកំពុងជួបការខ្វះខាត តែក្រោមការគិតគូររបស់ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចទុកអោយបងប្អូនដាច់ពោះស្លាប់នោះទេ។អំណោយថ្វីត្បិតតែតិច តែអាចជួយសម្រាលនូវទុក្ខលំបាកបងប្អូនបានមួយរយៈពេលផងដែរ។
លោក អ៊ី ឡុង បន្តថា ខណៈនេះបងប្អូនមិនអាចចេញទៅប្រកបមុខរបរផ្សេងៗបានមែន តែបងប្អូនអាចបង្កបង្កើនផលតាមរយៈការដាំដុះបាន ដើម្បីរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គងជីវភាពគ្រួសារទំរាំជម្ងឺរាតត្បាតកូវីដ១៩ត្រូវបានបញ្ចប់ជីវិតនៅកម្ពុជា។មួយវិញទៀតចំពោះការដាំដុះ ប្រសិនជាការដាំដុះ បងប្អូនជួបនូវបញ្ហាខ្វះខាតដើមទុន បងប្អូនអាចខ្ចីមូលនិធិរបស់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន YLP បានដោយមានអាត្រាការប្រាក់ទាបបំផុត៕