ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃចន្ទ នេះ បានប្រគល់ផែនទីចំនួន២៦ផ្ទាំង ទៅឲ្យក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយលោក សុខ ទូច។ មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ការផ្ដល់ផែនទីដល់រាជបណ្ឌិត្យ សភានាពេលនេះ គឺជាប្រយោជន៍ចំពោះការស្រាវជ្រាវ មុននឹងឈានទៅធ្វើការផ្ទៀងផ្ទាត់ជាមួយផែនទីដែលរដ្ឋាភិបាលកម្ពុជា កំពុងប្រើ និងផែនទីដែលខ្ចីពីអង្គការសហប្រជាជាតិ។
ផែនទីទាំង២៦ផ្ទាំងដែលផ្ដល់ទៅឲ្យរាជបណ្ឌិត្យសភាកម្ពុជានៅ ថ្ងៃនេះ គឺជាផែនទីដែលបក្សប្រឆាំងទិញពីប្រទេសបារាំង ដែលរួមមាន ផែនទីអេឡិចត្រូនិក និងផែនទីក្រដាស។ផែនទីនេះ ត្រូវបានផ្ដល់ឲ្យក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភា នៅក្នុងពិធីផ្លូវការមួយ នៅព្រឹកថ្ងៃចន្ទទី១០សីហានេះ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
លោក អ៊ូ ច័ន្ទឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកសារព័ត៌មានថា ការ ផ្ដល់ផែនទីដល់រាជបណ្ឌិត្យសភានាពេលនេះ គឺជាប្រយោជន៍ចំពោះការស្រាវជ្រាវអំពីបញ្ហាព្រំដែន និងភាពចម្រូងចម្រាស់នៃផែនទីកម្ពុជា មុននឹងឈានទៅធ្វើការផ្ទៀងផ្ទាត់ជាផ្លូវការជាមួយរដ្ឋាភិបាល កម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត។
គួរជម្រាបជូនថា ផែនទីដែលគណបក្សសង្គ្រោះជាតិផ្ដល់ឲ្យរាជបណ្ឌិត្យសភានាពេល នេះ គឺជាផែនទីបង្ហាញពីព្រំដែនកម្ពុជាវៀតណាម ខ្នាត១លើ១០០ពាន់ ដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានទិញពីប្រទេសបារាំង ក្នុងតម្លៃ១៦៨ដុល្លារអាមេរិក។ចំណុចគួរឲ្យកត់សម្គាល់នៃផែនទីនោះ គឺមានចំណងជើងជាអក្សរវៀត ណាម ធំៗ ដែលគេគិតថា ផែនទីនេះបោះពុម្ពដោយវៀតណាម ចុះហេតុដូចម្តេចបានជាពេល នេះបក្សប្រឆាំងនាំយកផែនទីដែលខ្លួនធ្លាប់ជំទាស់និងរិះគន់រដ្ឋាភិបាលថាប្រើប្រាស់ផែន ទីដែលបោះពុម្ពដោយវៀតណាមក្នុងការបោះបង្គោលព្រំដែនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីមកប្រគល់ឲ្យរាជបណ្ឌិត្យសភាបែបនេះទៅវិញ។
លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិសភាកម្ពុជា បានស្វាគមន៍ចំពោះផែនទីរបស់គណបក្សសង្គ្រោះជាតិ។លោកថា ផែនទីបែបឌីជីថល នឹងមានផលវិបាកច្រើន ក្រុមអ្នកស្រាវជ្រាវរបស់លោកនឹងធ្វើការត្រួតពិនិត្យឲ្យច្បាស់លាស់សិន។
លោក សុខ ទូច បានបន្ថែមថា មកដល់ពេលនេះ ក្រុមអ្នកស្រាវជ្រាវរបស់រាជបណ្ឌិតសភា ដែលមានបង្កើតឡើង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ទទួលបានផែនទីប្រទេសកម្ពុជាពីអាមេរិក បារាំង ផែនទីពីលោក វ៉ា គីមហុង ប្រធានគណៈកម្មការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា បានមកពីលោក ស៊ាន ប៉េងសែ លោក សារិន ឆាក បណ្ណាសារជាតិ និងគណបក្សសង្គ្រោះជាតិ៕ ដោយ៖ខេមរៈ
ពិធីប្រគល់ផែនទី ដែលត្រូវបានប្រគល់ដោយគណបក្សសង្គ្រោះជាតិ ទៅឲ្យរាជបណ្ឌិត្យសភាកម្ពុជា