បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៧,៧២៤,៦១៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤២៧,៦៧៦នាក់ និងជាសះស្បើយឡើងវិញ ៣,៩១៦,៤៨៩នាក់។
គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,១១៦,២១១នាក់ ស្លាប់ចំនួន ១១៦,៨១៥នាក់ និងជាសះស្បើយចំនួន ៨៣៩,៧៨១នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៨២៩,៩០២នាក់ ស្លាប់ចំនួន ៤១,៩០១នាក់ និងជាសះស្បើយ ៣៩៦,៦៩២នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៥១១,៤២៣នាក់ ស្លាប់ ៦,៧១៥នាក់ និងជាសះស្បើយ ២៦៩,៣៧០នាក់៕