រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាង៦លានដុល្លារដល់កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2020 ក+ ក-

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការដោះស្រាយបញ្ហារាតត្បាតនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺនេះនៅកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលរួមមានគ្រឿងបរិក្ខារវេជ្ជសាស្ត្រ និងជំនួយបច្ចេកទេស គិតជាទឹកប្រាក់ចំនួន៦.៣២០.១៦៧ ដុល្លារអាមេរិកជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS)។
ដោយទទួលស្គាល់ពីសមានចិត្តគាំទ្ររបស់រដ្ឋាភិបាលជប៉ុនក្នុងអំឡុងពេល និងកាលៈទេសៈលំបាកមិនធ្លាប់មាននេះ រាជរដ្ឋាភិបាលកម្ពុជា សូមប្តេជ្ញាប្រើប្រាស់ជំនួយសង្រ្គោះបន្ទាន់ដ៏មានតម្លៃនេះ ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវគ្រោះមហន្តរាយសុខភាពសកលបណ្តាលពីជំងឺកូវីដ-១៩ និងស្តារឡើងវិញចំពោះផលប៉ះពាល់ទាំងឡាយផ្នែកសេដ្ឋកិច្ចនិងសង្គម ព្រមទាំងធានាបាននូវសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយសង្រ្គោះបន្ទាន់ដ៏មានតម្លៃនេះរបស់រដ្ឋាភិបាលជប៉ុន៕