ឧទ្យានជាតិភ្នំគូលែននឹងមានឈ្មោះជាផ្លូវការថា “ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន”
ខេត្តសៀមរាប ៖ ឧទ្យានជាតិភ្នំគូលែនជាតំបន់ការពារធម្មជាតិមួយ នឹងមានឈ្មោះជាផ្លូវការថា “ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន” ដែលមានទីស្ថិតនៅក្នុងស្រុកស្វាយលេង និងស្រុកវ៉ារិន ចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រី។ នេះបើតាមការផ្សាយរបស់ក្រសួងបរិស្ថាន។
ភ្នំគូលែនគឺជាជួរភ្នំតូចមួយដែលមានកម្ពស់ខ្ពស់ល្មមហើយស្ថិតនៅភាគខាងត្បូងជួរភ្នំដងរែក។ ភ្នំគូលែនលាតសន្ធឹងប្រវែងប្រហែល ៤០គម ពីប៉ែកខាងលិចឈាងខាងជើង ទៅខាងកើតឈាងខាងត្បូង។ មួយផ្នែកធំនៃភ្នំគូលែនគឺជាថ្មភក់ ដែលជាវត្ថុធាតុដើមក្នុងការសាងសង់សំណង់ផ្សេងៗ រួមមានទាំងប្រាសាទជាច្រើនក្នុងតំបន់អង្គរ៕