ភ្នំពេញ ៖ ព្រឹទ្ធសភា បានសម្រេចបន្តសម័យប្រជុំលើកទី៥របស់ខ្លួន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៤ ដែលអនុម័តដោយរដ្ឋសភា។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីប្រជុំគណៈអចិន្ត្រៃយ៍ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះបានបើកកិច្ចប្រជុំគណៈកម្មាធិការព្រឹទ្ធសភា ក្រោមអធិបតីភាពរបស់ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានការចូលរួមពីប្រធាន និងតំណាងគណៈកម្មការទាំង១០របស់ព្រឹទ្ធសភាផងដែរ។
បានបើកកិច្ចប្រជុំពិភាក្សា និងអនុម័តលើច្បាប់ចំនួន៤ដើម្បីដាក់ក្នុងរបៀបវារៈក្នុងសម័យប្រជុំពេញអង្គលើកទី៥ព្រឹទ្ធនីតិកាលទី៤។
របៀបវារៈដែលព្រឹទ្ធសភា នឹងលើកទៅពិភាក្សា និងឱ្យយោបល់ ក្នុងសម័យប្រជុំនៅថ្ងៃស្អែកនេះ រួមមានដូចជា៖
១៖ សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
២៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។
៣៖ សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
៤៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩៕