ថៃ​បញ្ចប់​បម្រាម​គោចរ បន្ទាប់ពី​មិនមាន​ករណី​ឆ្លង​ក្នុងស្រុក​រយៈពេល​២១​ថ្ងៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2020 ក+ ក-

បាងកក ៖ ប្រទេស​ថៃ​កាលពី​ថ្ងៃ​ចន្ទ​បាន​ដក​បម្រាម​គោចរ​ទូទាំងប្រទេស បន្ទាប់ពី​ដាក់​រយៈពេល​ជាង​ពីរ​ខែ ហើយ​បានអនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន​នានា​ចាប់ផ្តើម​លក់​ស្រា​ឡើងវិញ នៅពេលដែល​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​បាន​ធូរស្បើយ​ចាប់តាំងពី​មិនមាន​ករណី​ឆ្លង​រាលដាល​ក្នុង​តំបន់​រយៈពេល ២១ ថ្ងៃ។​

​ប្រទេស​អាស៊ីអាគ្នេយ៍​ដែលមាន​ប្រជាជន​ប្រហែល ៧០ លាន​នាក់​មួយ​នេះ​គឺជា​ប្រទេស​ដំបូង​គេ​នៅក្រៅ​ប្រទេស​ចិន​ដែល​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​វីរុស​នេះ​កាលពី​ថ្ងៃទី១៣ ខែមករា ប៉ុន្តែ​មាន​ករណី​ឆ្លង​ត្រឹមតែ៣,១៣៥ករណី និង​អ្នកស្លាប់៥៨នាក់​ប៉ុណ្ណោះ ខណៈដែល​អ្នកជំងឺ​ចំនួន ២,៩៨៧ នាក់​បានជា​សះស្បើយ។​

​ក្រុមមន្ត្រី​បានធ្វើ​ការសរសើរ​ដល់​ប្រជាជន​ថៃ​ដែល​គោរព​តាម​ការ​គោលការណ៍​ពាក់​ម៉ាស់​ជា​សាធារណៈ​ចាប់តាំងពី​ខែមករា​ក៏ដូចជា​ការបិទ​ព្រំដែន ការបិទ​អាជីវកម្ម​ជាច្រើន និង​បម្រាម​គោចរ​សម្រាប់​ការ​ថមថយ​នៃ​វីរុស​ថ្មី​ដែល​បាន​ឆ្លង​ដល់ ៧.៩ លាន​នាក់​នៅ​ទូទាំង​ពិភពលោក និង​បានសម្លាប់​មនុស្ស​ជាង ៤៣ ម៉ឺន​នាក់។​

​ទន្ទឹម​នោះ​គ្រឹះស្ថាន​ផ្សេងទៀត​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​បើក​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​មានដូចជា សាលារៀន​ជាមួយនឹង​ចំនួន​សិស្ស​តិចជាង ១២០ នាក់ សាល​ពិព័រណ៍ ការប្រគុំ​តន្ត្រី ផលិតកម្ម​ភាពយន្ត សួន​កុមារ សួន​កម្សាន្ត និង​ការប្រកួត​កីឡា​ដោយ​គ្មាន​អ្នកទស្សនា។​

​ចំណែក​តៀមស្រា បា​រ៍ និង​ហាង​ខារ៉ាអូខេ​នឹង​នៅតែ​បិទទ្វារ​ដដែល ប៉ុន្តែ​ភោជនីយដ្ឋាន​ដែល​បើក​ដំណើរការ​វិញ​កាលពី ២ សប្តាហ៍​មុន​ជាមួយនឹង​គម្លាត​សង្គម​ឥឡូវនេះ​នឹង​អាច​បម្រើ​ស្រា​បាន។​

​អ្នកនាំពាក្យ​ក្រុមការងារ COVID-19 បាន​និយាយថា ករណី​ថ្មី​ទាំងអស់​ក្នុង​រយៈពេល ៣ សប្តាហ៍​ចុងក្រោយ​នេះ​ត្រូវបាន​រកឃើញថា​ស្ថិត​ក្នុងចំណោម​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៃ​ប្រជាជន​ថៃ​ដែល​ត្រឡប់​មកពី​បរទេស៕