ចិនរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន​៤០នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2020 ក+ ក-

ប៉េកាំង ៖ ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ ​អាជ្ញាធរចិនបានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៤០នាក់ក្នុងនោះ ៣២នាក់ឆ្លងក្នុងស្រុក (២៧នាក់នៅប៉េកាំង) និង ០៨នាក់ជាករណីនាំចូល។ នេះបើអាជ្ញាធរសុខាភិបាលក្រុងប៉េកាំងដែលដកស្រង់ចេញផ្សាយដោយភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ។

បើតាមរបាយការណ៍បញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ទីក្រុងប៉េកាំងបានរាយការណ៍ពីករណីឆ្លងក្នុងស្រុកសរុបចំនួន ៥២៦នាក់ ដោយក្នុងនោះអ្នកជំងឺ ៤១១នាក់ជាសះស្បើយឡើងវិញ និង០៩នាក់ស្លាប់ ខណៈដែលអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមានចំនួន១០៦នាក់។ ចំណែកឯករណីនាំចូលពីបរទេសវិញ ចំនួន១៧៤នាក់ ព្យាបាលជាសះស្បើយទាំងអស់ លើកលែងតែម្នាក់ប៉ុណ្ណោះ ដែលកំពុងស្ថិតក្នុងដំណាក់កាលព្យាបាលនៅឡើយ ខណៈករណីស្លាប់វិញ គឺមិនមានឡើយសូម្បីតែម្នាក់។

បើគិតអំពីករណីឆ្លងនៅក្នុងប្រទេសចិនទាំងមូលវិញ​គឺថ្ងៃចន្ទម្សិលមិញនេះ​អាជ្ញាធរបានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៤០នាក់ក្នុងនោះ ៣២នាក់ឆ្លងក្នុងស្រុក (២៧នាក់នៅប៉េកាំង) និង ០៨នាក់ជាករណីនាំចូល។ សរុបមកបច្ចុប្បន្នចិនមានករណីឆ្លង COVID-19 សរុប ៨៣,២២១ករណីក្នុងនោះស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយ ៧៨,៣៧៧នាក់៕