ហុងឌូរ៉ាស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរបានរាយការណ៍នៅរសៀលថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២០នេះថា ប្រធានាធិបតីហុងឌូរ៉ាសលោក ហ្ស័ន អូឡេនដូ ហឺណាន់ដែស ( Juan Orlando Hernandez) បានឆ្លងជំងឺ COVID-19។
នៅក្នុងសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍រដ្ឋ លោកបានប្រកាសដោយផ្ទាល់នៅល្ងាចថ្ងៃអង្គារសប្តាហ៍នេះទៅកាន់ប្រជាជាតិថា លោកបានឆ្លងជំងឺ COVID-19ហើយ។ ទន្ទឹមនោះ លោកក៏បានបញ្ជាក់អំពីអការៈនៃជំងឺ COVID-19 របស់លោកផងដែរថា លោកមានរោគសញ្ញាស្រាកប៉ុណ្ណោះ និងកំពុងទទួលការព្យាបាលតាមក្បួនខ្នាតវេជ្ជសាស្ត្រ។ ជាធម្មតាអ្នកធ្លាប់ស្និទ្ធស្នាលជាមួយ ប្រធានាធិបតីវ័យ ៥១ឆ្នាំនេះទាំងអស់ ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយ នឹងតម្រូវឲ្យទៅធ្វើតេស្តរក COVID-19 រួចស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីតាមដានអការៈ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ហុងឌូរ៉ាសមានករណីឆ្លង COVID-19 សរុប ៩,៦៥៦ករណី ក្នុងនោះស្លាប់ ៣៣០នាក់ និងជាសះស្បើយវិញ ១,០៧៥នាក់៕