ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាព ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធ វីដេអូ (Video Conference )នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៩:០០។
កិច្ចប្រជុំនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសាធារណរដ្ឋប្រជាមានិតចិន ហើយនឹងដឹកនាំដោយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានរដ្ឋមន្រ្តីការបរទេសនៃដៃគូក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ ចំនួនប្រមាណ ២០ប្រទេស អគ្គនាយកអង្គការសុខភាពពិភពលោក និងតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងការគាំទ្រគ្នាទៅវិញទៅមក និងបង្កើនកិច្ច
ប្រឹងប្រែងតាមរយៈយន្តការតំបន់ និងអន្តរជាតិ ក្នុងការគ្រប់គ្រង និងជំនះឲ្យបានលើការរាតត្បាតដោយជំងឺកូវីដ-១៩ ជំរុញការតភ្ជាប់ និងស្រោចស្រង់សេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយពីវិបត្តិជំងឺ
កូវីដ-១៩ ក៏ដូចជាធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងក្របខណ្ឌគំនិត
ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ៕
ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំ Video Conference ស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ