អាមេរិក​ដក​កងទ័ព​​៨.៦០០​នាក់​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2020 ក+ ក-

អាមេរិក ៖ សហរដ្ឋអាមេរិក​បាន​កាត់បន្ថយ​ចំនួន​កងទ័ព​របស់ខ្លួន​៨.៦០០​នាក់​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​បំពេញ​តំណាក់កាល​ដំបូង​ក្រោម​កិច្ចព្រមព្រៀង​ជាមួយនិង​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​។ ​នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ​។

​មេបញ្ជាការ​កណ្តាល​សហ​រដ្ឋ​អាមេរិក​លោក Kenneth McKenzie បាន​ថ្លែងថា​សហរដ្ឋអាមេរិក​បាន​ធ្វើតាម​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​សន្យា​ក្នុងការ​ដកទ័ព ៨,៦០០​នាក់​ក្នុង​រយៈពេល ១៣៥​ថ្ងៃ ដែល​បាន​ចុះហត្ថលេខា​កាលពី​ចុងខែ​កុម្ភៈ ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់ ដែល​តម្រូវ​ឲ្យ​អាមេរិក​ដកទ័ព​ឲ្យ​បាន ៨,៦០០​នាក់​មុន​ពាក់កណ្តាល​ខែកក្កដា​។​

​កិច្ចព្រមព្រៀង​នេះ​ក៏បាន​ទាមទារ​ឲ្យ​អាមេរិក​ដកទ័ព​ទាំងអស់​របស់ខ្លួន​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅត្រឹម​ខែឧសភា​ឆ្នាំ​២០២១ ប្រសិនបើ​ពួក​តា​លី​បាន​បំពេញ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​រួមទាំង​ការផ្តាច់​ទំនាក់​ទំនងជា​មួយក្រុម​ភេរ​វករ​។​

​លោក McKenzie បាន​អំពាវនាវ​ឲ្យ​មានការ​បេ្ត​ជ្ញា​ក្នុងការ​ដកទ័ព​ទាំងអស់​ចេញ ប៉ុន្តែ​ក៏ត្រូវ​មាន​លក្ខខណ្ឌ​ថា ចាប់ពីពេលនេះ​តទៅ​ការវាយប្រហារ​មកលើ​ទឹក​ដី​សហរដ្ឋអាមេរិក នឹង​មិនមាន​ប្រភព​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះឡើយ​៕