លោក សៅ សុខា អញ្ជើញក្រុងពាលីបួងសួងអរគុណសន្តិភាពនៅតំបន់កោះថ្មចំណុច X16 ក្នុងស្រុកមេមត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2020 ក+ ក-

ត្បូងឃ្មុំ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹក ថ្ងៃ ទី ១៩ ខែមិថុនា ឆ្នាំ ២០២០ នេះ បានអញ្ជើញជាធអិបតីក្នុងពិធីសែនក្រុងពាលី បួងសួងអរគុណសន្តិភាព នៅតំបន់កោះថ្ម ចំណុចអាងដាច់ X16 “ដើមត្រយឹង” ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែលនឹងប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២០ ខែមិថុនា ស្អែកនេះ ក្នុងនោះមានអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក លោកស្រី អភិបាលរងខេត្ត រួមនឹងគណៈប្រតិភូអមដំណើរ ជាច្រើនរូបទៀត។

គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅសល់តែ ០១ថ្ងៃទៀតប៉ុណ្ណោះ ក្រសួងការពារជាតិ នឹងប្រារព្ធខួប ៤៣ឆ្នាំ នៃដំណើររបស់សមមមិត្ត ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ហើយការធ្វើនេះ គឺចង់បញ្ជាក់ និងរំលឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ក្នុងការបូជាសាច់ស្រស់ ឈាមស្រស់របស់សមមិត្ត ហ៊ុន សែន និងសមមិត្តផ្សេងទៀត ប្រាប់ដល់យុវជនជំនាន់ក្រោយឱ្យដឹង និងចងចាំបន្ថែមទៀត។

សូមជម្រាបថា ប្រវត្តិរបស់សមមិត្ត ហ៊ុន សែន និងសមមិត្តរួមដំណើរផ្សេងៗទៀត មិនអាចបំភ្លេចបាននោះឡើយ ខណៈការយកជីវិតទៅប្រថុយប្រថានជាមួយបរទេស (ស្នើសុំកម្លាំងវៀតណាម) ដើម្បីជួយ រំដោះប្រទេសជាតិឱ្យរួចផុតពីរបបដ៏សាហាវរបស់ខ្មែរក្រហម ហើយបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ ។

យោងតាមឯកសារដែលបានចងក្រងដោយក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានឱ្យដឹងថា កាលពីជាង ៤០ឆ្នាំមុនសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ០៤ រូប ផ្សេងទៀត គឺមានសមមិត្ត នុច ថន, សមមិត្ត ញឹក ហួន, សមមិត្ត សាន សាញ់, និងសមមិត្ត វ៉ា ប៉ោអ៊ាន បាន ចាប់ផ្ដើមធ្វើដំណើរ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នៅតំបន់កោះថ្ម ឃុំទន្លួង ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នស្ថិតនៅខេត្តត្បូងឃ្មុំ) ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ឱ្យមកជួយរំដោះប្រទេសជាតិខ្មែរទាំងមូល ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

តាមឯកសារបានបញ្ជាក់ឱ្យដឹងទៀតថា សមមិត្ត ហ៊ុន សែន និងសមមិត្តដទៃទៀត បានធ្វើដំណើរជាមួយនឹងកាំភ្លើង ៣ដើម គ្រាប់បែក២គ្រាប់ និងកាំបិតខ្វែវមួយដើម ហើយការសម្រេចចិត្តរបស់សមមិត្តទាំងអស់នេះ គឺជាការចាកចេញដោយការឈឺចាប់ តែមានទឹកចិត្តមុះមុតដោយ សម្រេចចិត្តយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងនេះ។

ក្នុងការធ្វើខួបលើក៤៣ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២០ ស្អែកនេះ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ស្ថិតនៅតំបន់កោះថ្ម ចំណុច អ៊ិច ១៦ ស្ថិតនៅឃុំទន្លួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបន្តដំណើរចូលទៅក្នុងវៀតណាម ដើម្បីរំលឹកនូវការចងចាំនៃទីតាំងសំខាន់ៗ ក្នុងការចាប់ផ្ដើមតស៊ូរបស់សមមិត្ត ហ៊ុន សែន លើសមភូមិរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ដោយមានតាំងផ្ទាំងសិលាចារឹក នៅចំណុចអាងដាច់X16 «ដើមត្រយឹង» កាលពីជាង៤០ឆ្នាំមុន។

«ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» នឹងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ៕ ដោយ ៖ ប៉ែន សុផល