វិស័យមីននៅកម្ពុជាឈានដល់របត់នៃការគ្រប់គ្រងព័ត៌មានតាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាថ្មីនាសតវត្សទី២១
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2020 ក+ ក-

ភ្នំពេញ​ ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០​ នៅអាជ្ញាធរមីនមាន ពិធី​ចុះ​ហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាង​អាជ្ញាធរមីន និងអង្គការ Mine Advisory Group (MAG) ស្តីពីប្រសិទ្ធភាពនៃការគ្រប់គ្រងព័ត៌មានប្រតិបត្តិការនៅទីវាល ក្រោមជំនួយឧបត្ថម្ភគាំទ្រដោយ កម្មវិធីអភិវឌ្ឍន៍ និងស្រាវជ្រាវការបោសសម្អាតមីនមនុស្សធម៌ (Humanitarian Demining Research and Development Program_HDR&D) របស់សហរដ្ឋអាមេរិក ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យសកម្មភាពមីននៅកម្ពុជា បានឈានដល់របត់មួយនៃការគ្រប់គ្រងព័ត៌មាន តាមរយៈការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានថ្មី ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់ការគ្រប់គ្រងទិន្នន័យវិស័យសកម្មភាពមីននៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងសតវត្សទី២១នេះ។

អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្នែកវិស័យសកម្មភាពមីន នឹងបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការដល់គ្រប់ប្រតិបត្តិករ​បោស​សម្អាត​មីនជាតិ-អន្តរជាតិ ដើម្បីធានាឲ្យការរៀបចំផែនការសកម្មភាពមីនទទួលបានជោគជ័យ និងស្របតាមផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ គឺកម្ពុជាគ្មានមីនឆ្នាំ២០២៥។

លោកបានបន្តលើកឡើងថា ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិស័យមីននៅទូទាំងប្រទេស គឺជាកត្តាចាំបាច់មួយ ដែលយើងទាំងអស់ត្រូវយកចិត្តទុកដាក់ និងគិតគូឲ្យទាន់ពេលវេលា ដើម្បីឆ្លើយតបនូវតម្រូវការរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយអាចទាញយក និងប្រើប្រាស់ព័ត៌មាន ប្រកបដោយគុណភាព និងសុក្រឹតភាព ស្របតាមទំនើបនីយកម្មនៃបច្ចេកវិទ្យាព័ត៌មានបច្ចុប្បន្ន។

ការរួមចំណែកលើកដំបូងរបស់កម្មវិធី HDR&D របស់សហរដ្ឋអាមេរិក តាមរយៈអង្គការ MAG នេះ នឹងជួយពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្ត្រី-បុគ្គលិកនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់អាជ្ញាធរមីនទូទាំង ២៥ រាជធានី-ខេត្ត ដោយអាចប្រមូលនូវទិន្នន័យបានលឿនជាងមុន និងអាចរាយការណ៍មកអាជ្ញាធរមីន បានទាន់ពេលវេលា។

លោកទេសរដ្ឋមន្ត្រី ក្នុង​នាម​រាជ​រដ្ឋាភិបាល​កម្ពុជា​ សូម​ថ្លែង​អំណរគុណ​ជូនចំពោះ HDR&D និងអង្គការ MAG តំណាង​ដោយ លោក Shathel Fahs ដែលបានចូលរួមជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរំដោះផ្ទៃដី និងជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ ឲ្យរួចផុតពីការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយនាថ្ងៃនេះ អង្គការ MAG បាននាំមកនូវកម្មវិធី HDR&D ចូលរួមឧបត្ថម្ភគាំទ្រការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិស័យមីន​នៅ​ទូទាំងប្រទេស ផងដែរ៕