ចិន ៖ បើយោងតាមការចុះផ្សាយលើគេហទំព័រទីភ្នាក់ងារសារព័ត៌មាន Reu ters ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឃ្លាំងនៅក្រុង Tianjin ប្រទេសចិន បានកើនឡើងដល់១១២នាក់ហើយ។ នេះបើតាមការឲ្យដឹងពី មន្ត្រីមូលដ្ឋាន ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃអាទិត្យនេះ។ ក្រៅពី អ្នកស្លាប់នៅមានមនុស្ស ៩៥នាក់ទៀតកំពុងបាត់ខ្លួន និងអ្នករងរបួសជាង ៧០០នាក់ផ្សេងទៀត។
ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ត្រូវជម្លៀសខ្លួនចេញ បន្ទាប់ពីមានហេតុការណ៍ផ្ទុះឡើងជាថ្មីម្តងទៀត ព្រមទាំងបារម្ភខ្លាចពុលសារធាតុគីមី ដែលនៅក្នុងឃ្លាំងដាក់ទំនិញ បន្ទាប់ពីរងការខូចខាតជាដំណំក្នុងហេតុការណ៍នេះ។
គួររម្លឹកថា ហេតុការណ៍ផ្ទុះឃ្លាំងនៅក្រុង Tianjin បានកើតឡើងកាលពីយប់ថ្ងៃទី១២សីហា បានបំផ្លាញអគារជាច្រើន កុងតឺន័រផ្ទុកទំនិញជាច្រើន និងរថយន្តថ្មីរាប់ពាន់គ្រឿងដែលបានឆាប់ឆេះតៗគ្នា។ហើយទាក់ទងនឹង មូលហេតុដែលបានបង្កឲ្យផ្ទុះនេះ គេកំពុងបើកការស៊ើបអង្កេតនៅឡើយទេ៕