ភ្នំពេញ ៖ រហូតមកទល់នឹងឆ្នាំ២០២០នេះ កម្ពុជាបានលក់ ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកាចំនួន១១,៦ លានដុល្លារសហរដ្ឋអាមេរិក ហើយកម្ពុជាបាននិងកំពុងស្វះស្វែងរកដៃគូផ្សេងៗ ទៀតដើម្បី បន្តទិញឥណទានកាបូននេះ បន្ថែមទៀត ខណៈកាបូនដែលបានបំភាយចេញ ពីព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ នានាដែលកម្ពុជាមាន នៅសេសបរិមាណច្រើន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងឲ្យដឹងដូច្នេះ ក្នុងឱកាសដែលលោកនិងប្រតិភូក្រសួងបរិស្ថានចុះ ពិនិត្យការគ្រប់គ្រងនិង អភិរក្សតំបន់ដែន ជម្រកសត្វព្រៃតាតៃក្នុងខេត្តកោះកុងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២០ ខណដែលលោក ក៏បានគូសបញ្ជាក់ថា តំបន់ដែនជម្រកសត្វព្រៃតាតៃជាទីតាំងមួយ ក្នុងចំណោមទីតាំង៣ ដែលកម្ពុជាលក់កាបូនបានក្នុងនោះក៏មានដែនជម្រក សត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំ ក្រវ៉ាញខាងត្បូង។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុង ចំណោម ប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានធនធានធម្មជាតិ និងជីវៈចម្រុះ ដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ ការពារធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,៣ លាន ហិកតាដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើន យ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៩ កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ នាក់ដោយសហការជាមួយសហគមន៍តំបន់ ការពារធម្មជាតិ និងអង្គការដៃគូនានា បាននិងកំពុងឈរជើងការពារ។
ចំណូលបន្ថែមនិងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើដែលជាទម្លាប់មានពីយូរលង់ណាស់មក ហើយរបស់ប្រជាពល រដ្ឋនៅតាមសហគមន៍មូលដ្ឋានតាមរយៈនៃការបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំង ការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំ រួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និង សម្រាប់បម្រើសេវា កម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់ សហគមន៍ របស់ពលរដ្ឋផងដែរ៕