ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រជុំជាមួយ លោក វរ៉ាផាន់ សុវាណុន H.E .WORAPHAN SUWANNUN អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធបញ្ជូនសារសំឡេង រូបភាព (Video Conference)។
របៀបវារៈនៃកិច្ចប្រជុំមាន ៖ ១.ការបើកច្រកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឬបន្តបិទច្រក។ ២.ពិភាក្សាសុំឲ្យមានការចេញ-ចូលលក់ដូរត្រឹមផ្សាររុងក្លឿ។ ៣.ពិភាក្សាករណីពលករ(ចេញ-ចូល)។ ៤.បញ្ហាផ្សេងៗ ។
ជាលទ្ធផល ឆ្លងកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ អភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរថៃបានឯកភាពជាគោលការណ៍ឲ្យមានការចូលទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញឥវ៉ាន់មកវិញតាមរយៈរថយន្តចំនួន៥០ឡាន មនុស្សក្នុង១ឡាន ២នាក់ ដោយមានការបំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាលដោយពុំអនុញ្ញាតឲ្យមានការចូលទៅលក់ដូរនោះទេ។ ហើយរយៈពេល នៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង៨ និង០០ ដល់ម៉ោង១០នាទីព្រឹកឲ្យចូលឲ្យអស់ នៅវេលាម៉ោង១៣ និង០០ នាទីរៀលចេញពីទឹកដីថៃវិញ។ ចំពោះការអនុញ្ញាតឲ្យចូលទៅនៅថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ រង់ចាំការជូនដំណឹងពីរាជរដ្ឋាភិបាលថៃ។
សម្រាប់ករណីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក គឺនៅបន្តបិទដដែល។ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរចេញមកពីប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ គឺមានការសម្របសម្រួលដោយរក្សាការឯកភាព ឱ្យចេញតាមច្រកអូរបីជាន់ដដែល៕