ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នេះ អញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ ខណៈដែលពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។
ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនៅក្នុងខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលបញ្ចេញថវិកាប្រមាណ ២៥លានដុល្លារអាមេរិកក្នុងមួយខែ ដើម្បីជួយដល់ប្រជាពលរដ្ឋមានការលំបាកក្នុងជីវភាពប្រមាណជា ៦០ម៉ឺនគ្រួសារ។
បើតាមអនុក្រឹត្យស្តីពីការឧបត្ថម្ភសាច់ប្រាក់បានគូសបញ្ជាក់ថា គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភ ត្រូវមានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។
ក្នុងអនុក្រឹត្យ ក៏បានបញ្ជាក់ផងដែរថា ចំនួនទឹកប្រាក់ ត្រូវផ្តល់ជូនក្នុងមួយខែមានចន្លោះពី១៦,០០០រៀល ទៅដល់១២០,០០០រៀល។ កម្រិតសាច់ប្រាក់ ដែលត្រូវឧបត្ថម្ភនេះ ធ្វើឡើងតាមប្រភេទគ្រួសារក្រីក្រក្នុងកម្រិត១ ឬកម្រិត២ ហើយក៏បែងចែកទៅតាមប្រភេទគ្រួសារនៅក្នុងរាជធានី និងជនបទផងដែរ។
សូមបញ្ជាក់ថា មកដល់ត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៣០នាក់។ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១២៧នាក់ និង ៣នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕