រកឃើញបន្លែមានផ្ទុកសំណល់ថ្នាំសំលាប់សត្វល្អិតប្រមាណ៤តោននាំចូលតាមច្រកភ្នំដិន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 June, 2020 ក+ ក-

ខេត្តតាកែវ ៖ បន្លែដែលមានផ្ទុកសំណល់ថ្នាំសំលាប់សត្វល្អិត​ប្រមាណ៤តោន ត្រូវ​បាន​មន្រ្តី​កាំកុងត្រូល​សាលាខេត្ត​តាកែវ​រក​ឃើញ​កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ ក្រោយ​ឈ្មួញ​ដឹកនាំ​ចូល​តាម​ច្រក​ទ្វា​រអន្តរជាតិ​ភ្នំដិន ស្ថិត​ក្នុង​ស្រុក​គិរីវង់។

បើតាមមន្រ្តីបានឲ្យដឹងថា ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូបន្លែមួយចំនួន ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ មន្រ្តីដដែលបញ្ជាក់ថា ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញបន្លែដែលមានផ្ទុកសំណល់ថ្នាំសំលាប់សត្វល្អិតរួមមាន ៖ ខ្ញីចំនួន ១ តោន, ម្ទេសស្រស់ចំនួន ៥០០ គីឡូក្រាម, ក្រូចខ្វិចតូចចំនួន៥០០ គីឡូក្រាមនិងស្ពៃគួយឡេងចំនួន ២ តោន។

បន្ទាប់មកមន្ត្រីសាខា ក.ប.ប ខេត្តតាកែវ បានធ្វើកំណត់ និងបានណែនាំឱ្យអាជីវករខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូល ម្ហូបអាហារ បន្លែ ផ្លែឈើ ណាដែលមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៀត៕