លោករៀល ខេ​ម​រិ​ន្ទ្រ បំភ្លឺ​ពី​ការចោទ ប្រកាន់​រឿង​កឹ​ប​កេង​លុយ​ចុះ​ពិនិត្យ​ព្រំដែន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 August, 2015 ក+ ក-

ភ្នំពេញ​៖ លោក រៀល ខេ​ម​រិ​ន្ទ្រ តំណាង រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្តស្វាយរៀង​បាន​បំភ្លឺ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​) វិញ​ថា លោក​បានទទួល​ប្រាក់​ពីស​ប្បុ​ជន​ទាំង​ក្នុងស្រុក និង​នៅ​ឯនាយសមុទ្រ​មាន​ចំនួន​សរុប ២០៧៥០​ដុល្លារ​សហរដ្ឋ អាមេរិក ដើម្បី​ចុះទៅពិនិត្យ​ព្រំដែន​កាលពី​ថ្ងៃទី​១៩​ខែកក្កដា​។​

​លោក រៀល ខេ​ម​រិ​ន្ទ្រ បកស្រាយ​បែបនេះ​ប​ន្ចា​ប់​ពី លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អ​.​ប​.​ព បាន​សរសេរ​លិខិត​មួយច្បាប់ ស្វែងរក​ការឆ្លើយបំភ្លឺ​ពី​លោក ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា លោក រៀល ខេ​ម​រិ​ន្ទ្រ បាន​កេងប្រវ័ញ្ច​យកប្រាក់​ជាច្រើន​ម៉ឺន​ដុល្លារ​សហរដ្ឋ អាមេរិក​ពី​ការដែល​រៀបចំ​ដំណើរ​ទៅពិនិត្យ​ព្រំដែន​កម្ពុជា​វៀតណាម​។​

​លិខិត​របស់លោក រៀល ខេ​ម​រិ​ន្ទ្រ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៣​ខែសីហា និង​ដាក់ជូនទៅ​ប្រធាន​អ​.​ប​.​ព បញ្ជាក់ថា ថវិកា​ដែល​លោក បានទទួល​ពីស​ប្បុ​ជន​ទាំង​ក្នុងស្រុក និង​នៅ​ឯនាយសមុទ្រ​មាន​ចំនួន​សរុប​២០៧៥០​ដុល្លារ សហរដ្ឋ អាមេរិក ដើម្បី​ចុះទៅពិនិត្យ​ព្រំដែន​កាលពី​ថ្ងៃទី​១៩​ខែកក្កដា​។ លោក​បន្តថា ថវិកា​ទាំងនោះ​ត្រូវបាន​ចំណាយ​លើ​ការជួល​រថយន្ត ការទិញ​ទង់ជាតិ ទង់សាសនា និង​សម្ភារ​ផ្សេងៗ ព្រមទាំង​ម្ហូបអាហារ​និង​ទឹក​សុទ្ធ​ជាដើម​។​

​លោក​បាន​បញ្ជាក់ថា រាល់​ការទទួល ការគ្រប់គ្រង​និង​ការចាត់ចែង​ថវិកា​ទាំងអស់នោះ មាន​ក្រុមការងារ​តាម​ផែន​នីមួយៗ​ជា​អ្នកទទួលបន្ទុក​និង​ទទួលខុសត្រូវ ប្រកបដោយ​តម្លាភាព​។​

គួរ​បញ្ជាក់ថា តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង លោក​រៀល ខេ​ម​រិ​ន្ទ្រ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចេញ​លិខិត​ឲ្យ​មក​ចូល​បំភ្លឺ លើ​ពាក្យបណ្ដឹង​ចោទប្រកាន់​លើ​រូបលោក​ថា បាន​កេងប្រវ័ញ្ច​ប្រាក់​ជាច្រើន​ម៉ឺន​ដុល្លារ​អាមេរិក ពេលដែល​លោក​បាន​រៀ​ចំ​ដំណើរ​ទៅ​ព្រំដែន កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយ​រៀល​។​

ក្នុង​លិខិត​របស់​អ​.​ប​.​ព ចេញផ្សាយ​នៅ​ថ្ងៃទី​៣១ កក្កដា កន្លង​ទៅបាន​ឲ្យ​ដឹងថា អង្គភាព​បានទទួល​ពាក្យបណ្ដឹង​ចំនួន​បី ដែល​ក្នុងនោះ​បណ្ដឹង​ទី​១ បាន​ឲ្យ​ដឹងថា មាន​ទឹកប្រាក់​ចំនួន​១​ម៉ឺន ៥​ពាន់​ដុល្លារ​, ពាក្យបណ្ដឹង​ទី​២ មាន​ទឹកប្រាក់​ចំនួន ២​ម៉ឺន​ដុល្លារ និង​ពាក្យបណ្ដឹង​ទី​៣ មាន​ចំនួន ២​ម៉ឺន​ដុល្លារ​។ សរុប​ពាក្យបណ្ដឹង​ទាំងបី​នេះ មាន​ចំនួន ៥​ម៉ឺន​៥​ពាន់​ដុល្លារ​សហរដ្ឋ អាមេរិក ។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រាប់​ឲ្យ​លោក​រៀល ខេ​ម​រិ​ន្ទ្រ ធ្វើការ​បំភ្លឺ​ដោយ​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​នានា​សម្រាប់​បញ្ជាក់ ដើម្បី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​វាយតម្លៃ មុននឹង​សម្រេច​បន្ត​នីតិវិធី​របស់ខ្លួន​៕

hgbhoo