ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យ៦៤ឆ្នាំម្នាក់បានរងរបួសដាច់ជើងទាំងពីរ ក្រោយពីគាត់ដើរដាក់អន្ទាក់ សត្វនៅតាមព្រំដែនកម្ពុជា-ថៃរួចក៏ជាន់មីន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបង្គោលព្រំដែនកម្ពុជា-ថៃ លេខ៤៨ ស្ថិតភូមិទំនប់ដាច់.ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉ែម សឹម អាយុ៦៤ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ.ខេត្តបន្ទាយមានជ័យ។ លោកអធិការ បានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះបានដើរដាក់អន្ទាក់សត្វនៅកន្លែងកើតហេតុ ចំណុច បង្គោលព្រំដែនកម្ពុជា-ថៃ លេខ៤៨ ស្ថិតភូមិទំនប់ដាច់ ឃុំអូរបីជាន់បានជាន់មីនស្គរ ប្រភេទអាកា៥៨ នៅសេសសល់ពីសម័យសង្គ្រាមបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ ដាច់ជើងទាំង២ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ការពារព្រំដែននៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ និងកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំអូរបីជាន់ទៅជួយសែងយកជនរងគ្រោះពីកន្លែងកើតហេតុដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត៕