អាស៊ាន ៖ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ីអាគេ្នយ៍ បានសម្រេចចិត្តលុបចោលព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Para Games លើកទី១០ ដែលគ្រោងធ្វើនៅប្រទេសហ្វីលីពីនហើយ ដោយសារវិបត្តិជំងឺកូវីដ-១៩ (Covidi-19)។
ការសម្រេចលុបចោលព្រឹត្តិការណ៍២ឆ្នាំម្ដងនេះ បន្ទាប់ពីមានកិច្ចប្រជុំបន្ទាន់មួយកាលពីចុងសប្ដាហ៍មុន ដោយមានការចូលរួមទាំងអស់ ពីសមាជិកគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ីអាគេ្នយ៍ ដើម្បីពិភាក្សាគ្នា ក្រោយម្ចាស់ផ្ទះហ្វីលីពីន បានស្នើលុបចោលព្រឹត្តិការណ៍នេះ។ ជាលទ្ធផលសមាជិកទាំងអស់ បានឯកភាពគ្នាតាមសំណើម្ចាស់ផ្ទះ ដ្បិតប្រទេសនីមួយៗសុទ្ធតែមានការព្រួយបារម្ភពីបញ្ហាកូវីដ-១៩ ដូចគ្នា។
គួរបញ្ជាក់ថា មុនឈានដល់ការសម្រេចលុបចោលព្រឹត្តិការណ៍ខាងលើ ម្ចាស់ផ្ទះហ្វីលីពីន បានប្រកាសពន្យារពេលចំនួន ២លើករួចមកហើយ។ ដំបូងឡើយ ព្រឹត្តិការណ៍នេះ គ្រោងប្រកួតអំឡុងខែមករា ឆ្នាំ២០២០ ពោលគឺក្រោយ ១ខែ បន្ទាប់ពីចប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ កាលពីចុងឆ្នាំ២០១៩ តែត្រូវពន្យារពេលលើកទី១ ទៅប្រកួតអំឡុងខែមីនា ឆ្នាំ២០២០ ហើយបន្ដពន្យារពេលលើកទី២ មកប្រកួតនៅខែតុលា ឆ្នាំ២០២០៕