អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា កងទ័ពអាមេរិកដែលដកចេញពីទឹកដីអាល្លឺម៉ង់នោះ ប្រហែលជានឹងត្រូវបញ្ជូនទៅកាន់ប្រទេសប៉ូឡូញ។ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
ការកត់សម្គាល់បែបនេះរបស់លោក Donald Trump ធ្វើឡើងនាឱកាសធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda នៅឯសេតវិមាន បួនថ្ងៃមុនពេលរៀបចំការបោះឆ្នោតក្នុងប្រទេសប៉ូឡូញ។ ទន្ទឹមនោះ លោកនិយាយថា យើងនឹងកាត់បន្ថយកងកម្លាំងរបស់យើងនៅអាល្លឺម៉ង់ ចាប់ពីចំនួន៥ម៉ឺន២ពាន់នាក់ទៅ២ម៉ឺន៥ពាន់នាក់វិញ។
លោក Donald Trump បានសង្កត់ថា កងកម្លាំងមួយចំនួននឹងបញ្ជូនត្រឡប់មកកាន់មាតុប្រទេសវិញ ហើយមួយចំនួនទៀតនឹងត្រូវបញ្ជូនទៅកាន់ប្រទេសផ្សេងទៀត ហើយក្នុងចំណោមប្រទេសទាំងនោះ ក៏រួមមានប្រទេសប៉ូឡូញផងដែរ។
ក្រៅពីការបញ្ជូនកងទ័ពខាងលើនេះ ជំនួបរវាងមេដឹកនាំប្រទេសទាំងពីរក៏បានផ្តោតសំខាន់ពាក់ព័ន្ធនឹងអង្គការ NATO កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងថាមពលសន្តិសុខ ក្នុងចំណោមប្រធានបទសំខាន់ៗដទៃទៀត៕