ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
ក្នុងសារលិខិតរបស់សម្តេចតេជោបានឲ្យដឹងថា ក្នុងឱកាសដ៏មហោឡារិក នៃការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចសូមសំដែង នូវមនោសញ្ចេតនារីករាយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំទិវាដ៏មានសារៈសំខាន់នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាភាគីនៃអនុសញ្ញា និងពិធីសាររបស់អង្គការសហប្រជាជាតិ ដែលទាក់ទងនឹងគ្រឿងញៀន កម្ពុជា បានបំពេញកាតព្វកិច្ចយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ជាមួយនេះ ការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ដែលជាស្មារតីបានកំណត់ឡើង ដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៨៧ ក៏ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗ ដើម្បីបន្តពញ្ញាក់ស្មារតី និងដាស់តឿនក្រើន រំលឹកដល់ជនគ្រប់រូបឲ្យយកចិត្តទុកដាក់ជាប្រចាំ និងចូលរួមឲ្យកាន់តែសកម្មថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន៕