ភ្នំពេញ ៖ រហូតដល់ម៉ោង០៨ និង៣០ព្រឹក ថ្ងៃទី២៦ មិថុនា ២០២០ ពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ចំនួន១៣០នាក់ដដែល ចំនួនសំរាកនៅពេទ្យនៅសល់២នាក់ ចំនួនជាសះស្បើយសរុបចំនួន១២៨នាក់ និងស្លាប់គ្មាន។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។
ទោះបែនេះក្តី CDC បានលើកឡើងថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច និងអំពាវនាវសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ។
CDC បន្តថា យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។ ទន្ទឹមនោះយើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។ ហើយត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។
សូមបញ្ជាក់ថា ប្រទេសកម្ពុជារកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០។ ទន្ទឹមនោះកម្ពុជាបានធ្វើតេស្តរកមេរោគកូវីដ១៩លើមនុស្សចំនួន៣៣៨១២ ស្មើនឹង២០៣៦ ក្នុង១លាននាក់៕