ភ្នំពេញ៖ អ្នកសារព័ត៌មានអាជីពជិត ៣០ឆ្នាំ លោក ព្រំ សាន ជាសកម្មជន Facebook និងជាសមាជិកស្ថាបនិករបស់ក្រុមរួបរួមមិត្តកម្ពុជា ដើម្បីការងារមនុស្សធម៌ ត្រូវបានលោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច ដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្ត៍ ជាសាធារណៈ។
ការប្ដឹងផ្ដល់នេះបានកើតឡើងបន្ទាប់ពីលោកព្រំ សាន បានសរសេរព័ត៌មាននៅ Facebookរបស់លោក កាលពីពីសប្ដាហ៍មុន ដោយបានដកស្រង់ប្រភពព័ត៌មានពីប្រពន្ធស្របច្បាប់របស់លោកឧត្តមសេនីយ៍ សៀក សុជាតិ គឺលោកស្រី មុំ ម៉ានុត។
គណនីរបស់លោក ព្រំ សាន បានសរសេរដាក់ជាសញ្ញាសួរថា៖ អ្នកណាថា កែវ ម៉ាលី ជាជំទាវទី៤ របស់លោកឧត្តមសេនីយ៍ សៀក សុជាតិ? លោក ព្រំ សាន បានសរសេរបន្តថា ម្ចាស់វិមានចរណៃលោកជំទាវ កែវ ម៉ាលី មានអាចជាជំទាវទី៤ របស់លោកសៀក សុជាតិ បានទេបើអាចគឺ អាចជាសាហាយស្មន់ច្រើនជាង ព្រោះលោក សៀក សុជាតិ នៅជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយប្រពន្ធស្របច្បាប់ដែលមានចុះសំបុត្រអាពាហ៍ត្រឹមត្រូវ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០០៩ នៅឡើយ។
ដោយសារតែខ្លឹមសារព័ត៌មានខាងលើនេះហើយបានជំរុញអោយលោកជំទាវ កែវ ម៉ាលី សម្រេចដាក់ពាក្យបណ្ដឹងប្ដឹងលោក ព្រំ សាន ពីបទបរិហារកេរ្ត៍ជាសាធារណៈ។
តាមការបំភ្លឺរបស់លោក ព្រំ សាន បានអោយដឹងថា គ្រប់ព័ត៌មានដែលលោកបានផ្សព្វ ផ្សាយ គឺលោកមានប្រភពបញ្ជាក់ច្បាស់លាស់ ជាពិសេសឯកសារភស្តុតាងត្រឹមត្រូវទើបលោកហ៊ានផ្សាយព្រោះលោក ព្រំ សាន បានធ្វើការងារខាងសារព័ត៌មានជិត ៣០ឆ្នាំមក ហើយ។ លោកបានត្រៀមខ្លួនរួចហើយដើម្បីទៅបំភ្លឺព្រះរាជអាជ្ញាចំពោះបណ្ដឹងនោះ៕