ព្រុចសែល ៖ ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា វាមិនទាន់ប្រាកដថា អ្នកវិទ្យាសាស្ត្រនឹងអាចបង្កើតវ៉ាក់សាំងដែលមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគឆ្លងកូវីដ១៩ឲ្យបានឆាប់រហ័សនោះឡើយ ប៉ុន្តែវាអាចនឹងត្រូវចំណាយពេលដល់រាប់ខែរហូតដល់រាប់ឆ្នាំ ដើម្បីផលិតវ៉ាក់សាំងមួយឲ្យចេញជាលទ្ធផល។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមរយៈវីដេអូខុនហ្វ្រិន ទៅកាន់សមាជិកសភាមកពីគណៈកម្មាធិការសុខភាពរបស់សភាអឺរ៉ុបលោក Tedros Adhanom Ghebreyesus បាននិយាយថាប្រសិនបើវ៉ាក់សាំងណាមួយ ត្រូវបានផលិតដោយជោគជ័យនោះ វានឹងក្លាយជាទំនិញសាធារណៈ ដែលអាចបញ្ជូនទៅគ្រប់គ្នាទាំងអស់ នៅលើសកលលោកនេះ។
លោក Tedros បាននិយាយថា“ វាជារឿងដ៏លំបាកមួយក្នុងការធានាថា យើងនឹងមានវ៉ាក់សាំង។ យើងមិនទាន់មានវ៉ាក់សាំងណាមួយ សម្រាប់ប្រឆាំងវីរុសកូរ៉ូណានោះទេ។ ដូច្នេះប្រសិនបើវាត្រូវបានរកឃើញ នោះវានឹងក្លាយជាវ៉ាក់សាំងដំបូង។ ខ្ញុំសង្ឃឹមថា វ៉ាក់សាំងនឹងត្រូវរកឃើញ” ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះអង្គការសុខភាពពិភពលោកបានទទួលដឹងលឺអំពីការធ្វើតេស្តវ៉ាក់សាំង សរុបជាង ១០០ហើយ មកពីបណ្តាប្រទេស និងក្រុមហ៊ុននានាលើលោក។ លោកបានមានប្រសាសន៍ថា “យើងសង្ឃឹមថា នឹងមានវ៉ាក់សាំង តាមការប៉ាន់ស្មានគឺក្នុងរយៈពេលមួយឆ្នាំ។ប្រសិនបើបង្កើនល្បឿនវាអាចនឹងតិចជាងនេះ ខណៈប្រទេសបី ដែលកំពុងធ្វើតេស្តវ៉ាក់សាំងឈានដល់ដំណាក់កាលទី ៣ ទៅលើមនុស្សនោះមានដូចជា សហរដ្ឋអាមេរិក ចិន និងអាល្លឺម៉ង់ ហើយគ្រប់គ្នាកំពុងទន្ទឹមរង់ចាំលទ្ធផល៕