ខេត្តកំពង់ធំ ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ធំ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលជាប្តីប្រើកាំបិតចិតត្នោតចាក់សម្លាប់ប្រពន្ធ នៅចំណុចភូមិពោតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្រោយពីធ្វើការសាកសួរបឋម ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រើកាំបិតចិតត្នោតចាក់ប្រពន្ធឈ្មោះ លាង ផល្លា ភេទស្រី អាយុ២៣ ឆ្នាំជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ប្រាកដមែន ដោយសារតែមូលហេតុប្រច័ណ្ឌ។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំពុងសាកសួរ និងរៀបចំប្រគល់ជនសង្ស័យឱ្យស្នងការរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។
សូមជម្រាបថា កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៩ និង២០នាទី នៅចំណុចភូមិដូនរ័ត្ន សង្កាត់ចំការឪឡឹក ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីឃាតកម្ម មួយកើតទ្បើង បង្កដោយឈ្មោះ សុខ លីសម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវជាប្តីបានយកកាំបិតត្នោតចាក់ប្រពន្ធឈ្មោះ លាង ផល្លា អាយុ២៣ឆ្នាំ បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយគេចខ្លួនបាត់៕