ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសដាក់ចេញបទបញ្ជាដល់អាជ្ញាធរមូលដ្ឋាន ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារក្នុង កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ឱ្យបានត្រឹមត្រូវ ហើយត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នា ដាក់បញ្ចូលសាច់ញាតិបងប្អូនកូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ។
សម្តេចព្រមានថា សម្តេចនឹងចាត់វិធានការក្តៅ ហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំសង្កាត់មួយណា មានករណីមិនប្រក្រតីនេះ កើតមានឡើង។
សម្តេច ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «កាលពីពេលថ្មីៗកន្លងមកនេះ ខ្ញុំបានប្រកាសដាក់អោយប្រើជាផ្លូវការនូវ កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩។ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។ ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាសលាស់និងហ្មត់ចត់បំផុត ។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ»៕