វេណេហ្សុយអេឡា ៖ លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេហ្សុយអេឡា បានបញ្ជាឱ្យលោក Brilhante Pedrosato ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចេញពីប្រទេសក្នុងរយៈពេល ៧២ម៉ោង បន្ទាប់ពី EU បានដាក់ទណ្ឌកម្មលើមន្រ្តីវេណេហ្សុយអេឡា។ លោកថ្លែងដូច្នេះ តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។ នេះបើយោងតាមសារព័ត៌មាន Sputnik។
លោកថ្លែងបញ្ជាក់ដូច្នេះថា៖ «ខ្ញុំបានសម្រេចចិត្តទុកពេល ៧២ម៉ោង ឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចាកចេញពីប្រទេស។ វាគ្រប់គ្រាន់ហើយចំពោះអាណានិគមរបស់អឺរ៉ុប មកលើវេណេហ្សុយអេឡា»។ លោក Pedrosato ត្រូវបានអនុញ្ញាតឱ្យជិះយន្តហោះចាកចេញពីប្រទេស។
សូមជម្រាបថា ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើមន្រ្តីវេណេហ្សុយអេឡា ១១នាក់ រួមមាន សមាជិកសភា, ចៅក្រម និងយោធាជាន់ខ្ពស់ ដែលធ្វើសកម្មភាពប្រឆាំងនឹងសភាដែលគ្រប់គ្រងដោយបក្សប្រឆាំង។ ទណ្ឌកម្មនោះ មានដូចជាការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិជាដើម។ រហូតមកទល់ពេលនេះ មន្រ្តីវេណេហ្សុយអេឡា ៣៦នាក់ហើយ ដែលរងការដាក់ទណ្ឌកម្ម៕