ក្រសួងពីរឯកភាពឱ្យបើកសាលារៀនឡើងវិញបណ្តើៗនៅខែសីហា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពគ្នាអនុញាតឱ្យបើកសាលារៀនជាបណ្តើរៗឡើងវិញនៅក្នុងខែសីហាឆ្នាំ២០២០។ នេះបើតាមការឱ្យដឹងពីលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

លោកជំទាវបានឱ្យដឹងថា ជាជំហានដំបូង ក្រសួងនឹងបើកសាកល្បងសាលាអន្តជាតិចំនួន១៥ដែលមានស្តង់ដារខ្ពស់ដូចជា សាលាភាសាជប៉ុន អង់គ្លេសអាមេរិកាំង និងបារាំងជាមុនសិន ដែលមានសិស្សប្រមាណ២ម៉ឺននាក់។ ប៉ុន្តែមុននឹងបើកសាលានីមួយៗ ត្រូវដាក់ពាក្យស្នើសុំបើកសាលាឡើងវិញមកក្រសួង ដើម្បីឱ្យក្រុមការងារក្រសួងចុះវាយតម្លៃ និងពិនិត្យមើលសាលាទាំងនោះ ស្របតាមស្តង់ដា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល មុននឹងឈានដល់ការចុះអនុស្សារណៈអនុញ្ញាតជាផ្លូវការ។

លោកជំទាវបញ្ជាក់ថា ម្យ៉ាងវិញទៀត សាលាទាំងនោះត្រូវគោរពទៅតាមលក្ខខណ្ឌរបស់ក្រសួង ដូចជាត្រូវអនុវត្តរក្សាសុវត្ថិភាពគម្លាតសង្គម និងបុគ្គលដូចជាដាក់សិស្សក្នុង១ថ្នាក់ចំនួន១៥នាក់ និងត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ ទាំងគ្រូ និងសិស្សមុនចាប់ផ្តើមចូលរៀន។

ដោយឡែក បើតាមអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា បានឱ្យដឹងថា ការបើកដំណើរការសាលារៀនទាំងអស់ឡើងវិញ គឺនឹងប្រព្រឹត្តទៅតាមបីដំណាក់កាល ដោយដំណាក់កាលទី១ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដាអប្បបរមា។

លោក រស់ សុវាចា បញ្ជាក់ថា ក្រសួងនឹងប្រកាសជាសាធារណៈពីកាលបរិច្ឆេទ និងវិធានការចាំបាច់នានាសម្រាប់ដំណាក់កាលទី១។ ចំណែកឯ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឱ្យដំណាក់កាលទី១៕