បរទេស ៖ អ្នកវិទ្យាសាស្ត្ររាប់រយនាក់និយាយថា មានភ័ស្តុតាងដែលថាវីរុសកូរ៉ូណាក្នុងភាគល្អិតតូចៗនៅលើអាកាស អាចឆ្លងទៅមនុស្ស ហើយបានអំពាវនាវឱ្យអង្គការសុខភាពពិភពលោកពិនិត្យឡើងវិញនូវអនុសាសន៍ឬការណែនាំរបស់ខ្លួន។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន CNA។
អង្គការសុខភាពពិភពលោកបាននិយាយថា ជំងឺ COVID-19 អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈតំណក់ទឹកតូចចេញពីច្រមុះ ឬមាត់ នៅពេលដែលអ្នកមានផ្ទុកជំងឺនេះកណ្ដាស់ ក្អកឬនិយាយ។
នៅក្នុងលិខិតចំហមួយច្បាប់ផ្ញើជូន WHO របស់ក្រុមអ្នកវិទ្យាសាស្ត្រ ២៣៩នាក់មកពីប្រទេសចំនួន៣២ ដែលគ្រោងនឹងចេញផ្សាយការសិក្សាថ្មីមួយ នៅសប្ដាហ៍ក្រោយនេះបានឱ្យដឹងថា មានភស្ដុតាងថ្មីបន្ថែមទៀត អាចបញ្ជាក់បានថា ភាគល្អិតតូចៗនៃវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងខ្យល់អាកាស ក៏អាចចម្លងដល់មនុស្សផងដែរ នៅពេលស្រូបវាចូល។ នេះបើយោងតាមការដងស្រង់របស់ទីភ្នាក់ងារសារព័ត៌មាន New York Times។
យ៉ាងណាមិញជុំវិញបញ្ហានេះ WHO មិនទាន់ធ្វើការអត្ថាប្បាយអ្វីឡើយនៅទេ តែកាលពីពេលមុន ទីភ្នាក់ងារសុខាភិបាលអង្គការសហប្រជាជាតិមួយនេះ ធ្លាប់បានបញ្ជាក់ថា ភស្តុតាងដែលក្រុមអ្នកស្រាវជ្រាវរកឃើញថា វីរុសកូរ៉ូណាថ្មីអាចរស់នៅ ឬចម្លងទៅមនុស្សតាមខ្យល់អាកាស មិនទាន់មានភាពប្រាដកជា ឬអាចជឿជាក់បានទាំងស្រុងនោះទេ៕