អាមេរិក ៖ ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកអាមេរិកចេញពីសមាជិកភាព របស់អង្គការសុខភាពពិភពលោក (WHO) ជាផ្លូវការហើយ កាលពីថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ។
មូលហេតុដែលនាំឲ្យលោក ត្រាំ សម្រេចចិត្តដកអាមេរិកចេញពីអង្គការ WHO គឺដោយសារប្រធានាធិបតីអាមេរិករូបនេះ បានទម្លាក់កំហុសទៅលើអង្គការនេះថា គ្មានសមត្ថភាពក្នុងការជូនដំណឹង អំពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលកើតចេញពីការឆ្លងរាលដាលវីរុស Covid-19 នៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក និងលំអៀងទៅរកប្រទេសចិន។
សូមបញ្ជាក់ជូនថា លោក ត្រាំ មិនត្រឹមតែដកអាមេរិកចេញពីសមាជិកភាពរបស់អង្គការ WHO ទេ ប្រធានាធិបតីអាមេរិករូបនេះ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងច្រើនទៀត មានកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក និងនាំអាមេរិកឲ្យចេញពីអង្គការយូណេស្កូ៕