បរទេស ៖ អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារទី ៧ ខែកក្កដាបានទទួលស្គាល់ភស្តុតាង ដែលបង្ហាញថា វីរុសកូរ៉ូណាថ្មីអាចឆ្លងរាលដាលតាមខ្យល់ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្របានជំរុញឲ្យ ទីភ្នាក់ងារសកលមួយនេះត្រួតពិនិត្យឡើងវិញពីការណែនាំរបស់ខ្លួន អំពីរបៀបដែលជំងឺផ្លូវដង្ហើមមួយនេះបានឆ្លងពីមនុស្សទៅមនុស្ស។ នេះបើយោងតាមប្រភពពី CNA។
លោកស្រី Maria Van Kerkhove អ្នកបច្ចេកទេសឈានមុខស្ដីពីជំងឺរាតត្បាត COVID-19 នៅអង្គការសុខភាពពិភពលោកបានប្រាប់សន្និសីទសារព័ត៌មានថា យើងកំពុងនិយាយពីលទ្ធភាពនៃការឆ្លងតាមខ្យល់ និងការចម្លងនៅលើយន្តហោះ ជាគំរូមួយក្នុងចំណោមនៃការឆ្លងជាច្រើននៃជំងឺ COVID-19។
អង្គការសុខភាពពិភពលោកធ្លាប់បាននិយាយថា វីរុសដែលបណ្ដាលឲ្យកើតជំងឺផ្លូវដង្ហើម COVID-19 ឆ្លងរាលដាលជាចម្បងតាមរយៈដំណក់ទឹកល្អិតដែលបានខ្ទាតចេញពីច្រមុះ និងម៉ាត់របស់មនុស្ស ដែលបានបណ្ដាលឲ្យធ្លាក់ខ្លួនឈឺភ្លាមៗ៕