ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសជំនួបទទួលទានអាហារការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លោក Pablo Kang ឯកអគ្គរាជទូត អូស្ត្រាលី ប្រចាំនៅកម្ពុជា បានមានប្រសាសន៍គាំទ្រ និងប្តេជ្ញាបន្តជួយដល់ការងារ បោស សម្អាតមីន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍។
ចាប់ពីឆ្នាំ២០២០-២០២៤ អូស្ត្រាលីបានផ្តល់ជំនួយថវិកាចំនួន ៧,៦ លានដុល្លារអាមេរិក តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV)។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯលឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមជាដៃគូដ៏មានសារៈសំខាន់មួយ និងរួមចំណែកយ៉ាងធំធេងក្នុងការគាំទ្រដល់ការងារអភិវឌ្ឍន៍ និងវិស័យសកម្មភាពមីននៅកម្ពុជា ក្នុងនោះ អូស្រ្តាលីបានគាំទ្រថវិកាបោសសម្អាតមីនមនុស្សធម៌ ចាប់តាំងពីឆ្នាំ១៩៩៤ ចំនួនជាង ១០០លានដុល្លារអូស្រ្តាលី៕