Hun Sen Cup ថ្នាក់​ខេត្ត រកឃើញ​ក្រុម​ខ្លាំង​៤​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 July, 2020 ក+ ក-

ភ្នំពេញ ៖ ក្រោយ​ធ្វើការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជាច្រើន​ខែ​ពេលនេះ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់​ខេត្ត លើក​ទី​១៤ បាន​រកឃើញ​ក្រុម​ខ្លាំង​៤ ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​ក្នុងនោះ​រួមមាន ខេត្តសៀមរាប ព្រៃវែង ត្បូងឃ្មុំ និង​ខេត្ត​កែប។​

​មុន​ឡើងដល់​វគ្គ​នេះ ខេត្តសៀមរាប បាន​យកឈ្នះ​ខេត្តកណ្ដាល ដោយ​បាល់​កាត់ក្ដី​១១​ម៉ែត្រ​ក្រោយ​ប្រកួត​ទាំង​២​ជើង ៣-១ ដូចគ្នា ខណៈ​ខេត្តព្រៃវែង យកឈ្នះ​ខេត្តកោះកុង​ទាំង​២​ជើង​ក្នុង​លទ​ល្ធ​ផល ៨-១​។​ចំណែក​ខេត្ត​ត្បូងឃ្មុំ បាន​ប្រកួត​ស្មើ​ក្រុម​ភ្ញៀវ​ខេត្តកំពង់ស្ពឺ ១-១ ក្នុង​ជើង​ទី​២ តែដោយសារ​កាលពី​ជើង​ទី​១ ខេត្ត​ត្បូងឃ្មុំ បានទទួល​ជ័យជម្នះ​ក្រៅ​ដី ២-០​។ ដូច្នេះ​សរុប​លទ្ធផល ២​ជើង ពួកគេ​បាន​យកឈ្នះ​ខេត្តកំពង់ស្ពឺ ៣-១ ដើម្បី​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាថ្មី​។​

​ចំណែក​ខេត្ត​កែប បាន​បំបែក​កំណត់ត្រា​ឆ្នាំ​ចាស់ ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើកដំបូង បន្ទាប់ពី​បន្ដ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ខេត្តកំពង់ឆ្នាំង ២-១ ក្នុង​ជើង​ទី​២ ។ ដូច្នេះ​សរុប​លទ្ធផល​ប្រកួត ២​ជើង ខេត្ត​ជាប់មាត់​សមុទ្រ​នេះ បាន​យកឈ្នះ​ខេត្តកំពង់ឆ្នាំង ៦-៤ ដើម្បី​ឡើង​វគ្គ​បន្ដ​ជាមួយ​ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង និង​ខេត្តសៀមរាប ។​

​ចំពោះ​កម្មវិធី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​វិញ នឹងធ្វើ​ឡើង ២​ជើង​ដូចគ្នា ដើម្បី​កាត់សេចក្ដី​រក​ក្រុម​ខ្លាំង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់​ខេត្ត ដោយ​ជើង​ទី​១ នឹង​ប្រកួត​នៅ​ថ្ងៃទី​១៥ ខែកក្កដា ក្នុងនោះ​ខេត្តសៀមរាប ត្រូវ​ជួប​ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ ប៉ះ​ខេត្ត​កែប ។ ឯជើង​ទី​២ ប្រកួត​នៅ​ថ្ងៃទី​២២ ខែកក្កដា ដោយ​ប្ដូរ​ទឹកដី​ខេត្តព្រៃវែង ជួប​ខេត្តសៀមរាប​វិញ និង​ខេត្ត​កែប ត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ខេត្ត​ត្បូងឃ្មុំ​វិញ​ម្ដង ៕