ខេត្តព្រះវិហារ ៖ ជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន កងរាជអាវុធហត្ថខេត្តចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ និងឈើដែលជនទុច្ចរិតយកមកលាក់ទុក ជាច្រើនម៉ែត្រគូប នៅ ស្រុកជ័យសែន។
តាមការបញ្ជាក់ពីជំនាញរដ្ឋបាលព្រៃឈើនៅកន្លែងកើតហេតុ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានអោយដឹងថា ក្រោយពេលដែលសមត្ថកិច្ចចុះទៅដល់ទីតាំង ជនល្មើសបានរត់គេចខ្លួនអស់ បន្សល់ទុកវត្ថុតាងកែច្នៃឈើ និងឈើជាច្រើនម៉ែត្រគូបផងដែរ ។
មកដល់ម៉ោង១១ថ្ងៃត្រង់នេះ សមត្ថកិច្ចចម្រុះកំពុងប្រមូលយកវត្ថុតាងបទល្មើសព្រៃឈើ ទាំងអស់យកមករក្សាទុក និងស្វែងរកកំណត់មុខសញ្ញា ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ។
សូមបញ្ជាក់ថា ទីតាំងដែលសមត្ថកិច្ចចុះបង្រ្កាបឋិតក្នុងភូមិចំរើន ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ប្រភេទឈើដែលសមត្ថកិច្ចរឹបអូសរួមមានប្រភេទឈើផ្ចឹក ឈើគគីរ និងវត្ថុតាងកែច្នៃឈើមួយចំនួនទៀត៕ ដោយ ៖ កូវ ប៊ុនហេង