កម្ពុជា-កូរ៉េប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2020 ក+ ក-

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានជួបប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលោកស្រី យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ដើម្បីចាប់ផ្តើមចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ។

មុននឹងឈានមកដល់ការប្រកាសជាផ្លូវការនេះ ក្រុមការងារនៃប្រទេសទាំងពីរ បានជួបប្រជុំជាច្រើនលើកច្រើនសារមកហើយ តាមរយៈប្រព័ន្ធវីដេអូ និងបានឆ្លងកាត់ជាច្រើនដំណាក់កាល រួមមាន ការសិក្សារួមស្តីពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី, ការរៀបចំគោលការណ៍រួមនៃការចរចា និង ការស្នើសុំគោលការណ៍អនុញ្ញាតពី រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ការសិក្សា បានបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងអាចជាកាតាលីករជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប(GDP) ផ្តល់ផលប្រយោជន៍ ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរផងដែរ។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៩ មានប្រមាណ ១.០៣២លានដុល្លា មានការកើនឡើង ២៥៤%ធៀបនឹងឆ្នាំ២០០៩ ដែលមានប្រមាណ ២៩១លានដុល្លា។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាមធ្យមប្រមាណ ១៥% ក្នុងមួយឆ្នាំ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានបង្ហាញជំហរសុទិដ្ឋិនិយម និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ដែលបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលពឹងផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ ក្រៅពីនោះក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីស្ថានភាព និងការវិវត្តរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបានបញ្ចេញទស្សនៈរួមស្តីពីការបន្តគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រទេសជាសមាជិក ទាំងកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជា ផងដែរ។

ជាមួយគ្នានេះដែរ ការងារចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងអនុវត្តនេះ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ សំដៅធ្វើពិពិធកម្មទីផ្សារ និងផលិតផលនាំចេញរបស់កម្ពុជាបន្ថែមទៀត៕