ខេត្តកំពង់ចាម ៖ ដើម្បី ផ្គត់ផ្គង់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ លោក ស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍សាខាខេត្តកំពង់ចាម និង លោក ស្រី គឹមឆយ អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម រួម ជាមួយ ថ្នាក់ដឹកនាំ ជា ច្រើន រូប ទៀត បាននាំយកសម្ភារៈបរិក្ខា ជាគ្រឿងឧបភោគ បរិភោគ និងថវិកាប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តកោះកែវ និងវត្តគង្គារាម (ហៅវត្តចុងបឹង) ស្ថិតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
នាឱកាសនោះ លោក ស្រី គឹមឆយ អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម មានប្រសាសន៍ថា ថ្ងៃនេះ លោកស្រីផ្ទាល់ ក៏ដូចជា លោក ស្រី ជាអ្នកតំណាងរាស្ត្រដូចគ្នា រួមជាមួយ សាខាសមាគមនារីកម្ពុជា ដើម្បី អភិវឌ្ឍន៍សាខា ខេត្តកំពង់ចាម និងសប្បុរសជននានា បានបរិច្ចាកនូវធនធានផ្ទាល់ខ្លួន នាំនូវសម្ភារៈបរិក្ខា ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បី ចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ជាពិសេស ការជួយទំនុកបម្រុង ដល់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស នៅវត្តកោះកែវ និងវត្តគង្គារាម ។ ដែលក្នុង ១វត្តៗ មាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងថវិកា ១.២០០.០០០រៀល ។
បន្ទាប់ពិធីវេរ នូវសម្ភារៈបរិក្ខា ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់ព្រះសង្ឃ ទៅតាមកិច្ចសាសាសនា រួចមក ព្រះគ្រូចៅអធិការ នៃវត្តទាំង ២ ក៏បានធ្វើការចម្រើនពរ អរគុណ ចំពោះ លោកឲ ស្រី គឹមឆយ ក៏ដូចជា សហការី ជាថ្នាក់ដឹកនាំទាំងអស់ ដែលបាននាំយកនូវ សម្ភារៈ ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ មកប្រគេនដល់វត្ត ដើម្បី ទុកជាប្រយោជន៍ សម្រាប់ផ្គត់ផ្គង់ ជីវភាពព្រះសង្ឃ ដែលត្រូវគង់ចាំព្រះវស្សា រយៈពេល ៣ខែ ក្នុងរដូវចូលព្រះវស្សានេះ ផងដែរ៕ ដោយ ៖ ប៉ែន សុផល