បរទេស ៖ អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការកើនឡើងនូវចំនួនករណីឆ្លង COVID19 នៅលើពិភពលោកកាលពីថ្ងៃអាទិត្យ ១២ កក្កដា សរុបចំនួន ២៣០.៣៧០ ក្នុងរយៈពេល ២៤ ម៉ោង។ នេះបើយោងតាមប្រភពពី CNA។
តាមរបាយការណ៍ប្រចាំថ្ងៃពី WHO បាននិយាយថា ករណីឆ្លង COVID-19 យ៉ាងគំហុកគឺត្រូវបានចុះបញ្ជីនៅសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌានិងអាហ្វ្រិកខាងត្បូង ខណៈអ្នកស្លាប់មាន ៥,០០០នាក់ក្នុងមួយថ្ងៃដូចគ្នា។ អង្គការ WHO កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅ ក៏ធ្លាប់បានប្រកាសផងដែរពីការរកឃើញ ករណីឆ្លង COVID-19 ប្រចាំថ្ងៃចំនួន ២២៨,១០២នាក់។
សហរដ្ឋអាមេរិកបានកត់ត្រាករណីថ្មីចំនួន ៥៩.៧៤៧ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយកាលពីថ្ងៃអាទិត្យធ្វើឱ្យករណីឆ្លងសរុបកើនដល់៣.៤លានករណី ក្នុងនោះស្លាប់ ១៣៧,៧៨២នាក់ និងជាសះស្បើយឡើងវិញ១.៥លាននាក់។នេះបើយោងតាមរបាយការណ៍សរុបពីសាកលវិទ្យាល័យ Johns Hopkins ។ ចំណែកឯប្រេស៊ីលវិញ មានករណីឆ្លងសរុបកើនដល់ ១.៨លានករណី ក្នុងនោះ ៧២,១០០នាក់បានស្លាប់ និងជាសះស្បើយឡើងវិញ ១.២លាននាក់។
សូមជម្រាបថា គិតមកដល់ពេលនេះចំនួនករណីឆ្លង COVID-19 នៅទូទាំងពិភពលោកបានកើនដល់ច្រើនជាង ១៣លានករណីហើយ ក្នុងនោះស្លាប់ ៥៧១,៥១៨នាក់ និងជាសះស្បើយឡើងវិញ ៧.៥លាននាក់៕