គ្រោះទឹកជំនន់នៅចិនបន្តស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ 
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2020 ក+ ក-

សៀងហៃ ៖ ភ្លៀងធ្លាក់ខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេលជិត៦ទសវត្សរ៍មកនេះ បង្កជាគ្រោះទឹកជំនន់នៅភាគកណ្តាល និងខាងកើតនៃប្រទេសចិន​បានធ្វើឱ្យមនុស្សចំនួន១៤១នាក់ស្លាប់-បាត់ខ្លួន និងបានបង្ខំឱ្យមនុស្សរាប់លាននាក់នៅទូទាំងខេត្តត្រូវជម្លៀសចេញ។ នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

ជុំវិញគ្រោះមហន្តរាយ​ប្រចាំទសវត្សរ៍នេះ លោក ចេង កូវក្វាង (Zheng Guoguang) អនុរដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយចិនបាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីសប្តាហ៍មុនមកម្ល៉េះ ដែលបណ្តាលឱ្យទឹកនៅតាមដងទន្លេយ៉ាងសេ (Yangtze) កើនឡើងខ្ពស់ហួសកម្រិតប្រកាសអាសន្ន។

អាជ្ញាធរក្នុងតំបន់បាននឹងកំពុងតាមដានកម្ពស់ទឹក នៅទីក្រុងវូហាន ដែលមានប្រជាជានរស់នៅច្រើនជាង ១១លាននាក់ ប៉ុន្តែសំណាងល្អកម្ពស់ទឹកទន្លេបានថយចុះវិញ បន្ទាប់ពីបានហូរកាត់ទីក្រុងនេះ​កាលពីថ្ងៃចន្ទម្សិលមិញ។ ដូច្នេះការព្រួយបារម្ភបានផ្តោតទៅលើខ្សែទឹក ដែលហូរទៅកាន់បឹងប៉ូយ៉ាង (Poyang) វិញ ដែលជាបឹងទឹកសាបធំជាងគេនៅក្នុងប្រទេសចិន ខណៈទឹកបន្តហូរចូលទៅក្នុងទន្លេងយ៉ាងសេ ក្នុងចំណុចខេត្តជាំងស៊ី (Jiangxi) ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងជាងគេពីគ្រោះទឹកជំនន់។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បានចេញផ្សាយថា កម្រិតទឹកនៅស្ថានីយជលសាស្ត្រ បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានតាំងពី ឆ្នាំ១៩៩៨ ដែលធ្លាប់បានសម្លាប់មនុស្សជាង ៤,០០០នាក់ រួចមកហើយក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ២ទសវត្សមកនេះ។

ជុំវិញបញ្ហានេះដែរ ក្រុមសង្គ្រោះ កងទ័ព និងអ្នកស្ម័គ្រចិត្តជាង ១០០,០០០ នាក់បានចូលរួមក្នុងកិច្ចខំប្រឹងដើម្បីគ្រប់គ្រងទឹកជំនន់នៅក្នុងខេត្តជាំងស៊ីបន្ទាប់ពីទំនប់ និងប្រឡាយជាច្រើនបន្តបាក់ និងដួលរលំជាហូរហែ។ ជាក់ស្តែង នៅក្នុងទីក្រុងJiujiang ក្រុមកងទ័ពបានពាក់អាវពោង និងកំពុងមមាយឹករៀបចំបាវដីខ្សាច់ដើម្បីបង្កើតជញ្ជាំងការពារទឹក កម្ពស់ប្រហែលមនុស្ស។

ក្រុមអ្នកអភិរក្សបាននិយាយថា ភ្លៀងនៅរដូវក្ដៅ និងការរលាយផ្ទាំងទឹកកកនៅតំបន់ខ្ពង់រាបទីបេ ជាមូលហេតុដែលបង្កឱ្យមានទឹកគ្រោះទឹកជំនន់ជាប្រចាំនេះ។ ទន្ទឹមនោះក្រុមអ្នកអភិរក្សក៏បានព្រមាន ពីការការរលាយផ្ទាំងទឹកកកនៅតំបន់ភ្នំហិម៉ាល័យ (Himalaya) យ៉ាងលឿនហួសពិការរំពឹកទុកដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចបណ្តាលឱ្យមានទឹកជំនន់នៅរដូវក្តៅ កាន់តែគ្រោះថ្នាក់ជាងនេះទៅទៀត៕