ខេត្តកំពង់ចាម ៖ រដ្ឋរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអញ្ជើញចូលរួមប្រកាសតែងតាំងលោកស្រី សម ផល្លា ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាមថ្មី ជំនួសលោក ជា ក្រូច ដែលត្រូវចូលនិវត្តន៍។
ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាមក្រោមវត្តមានលោក ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយ មានការអញ្ជើញចូលរួមពីប្រតិភូក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
បន្ទាប់ ពី ទទួលបាន ការ តែងតាំង លោកស្រី សម ផល្លា ប្រធានមន្ទីរ ព័ត៌មាន ថ្មី បានឡើងប្តេជ្ញាចិត្ត ខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងមន្ទីរ និងបណ្តាការិយាល័យ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខេត្ត ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រ កម្ពុជា។
ថ្លែង ក្នុង ឱកាសនោះ ដែរ ឯកឧត្ដម ខៀវ កាញារីទ្ធ បានផ្ដាំផ្ញើដល់ប្រធាន មន្ទីរ ព័ត៌មាន ថ្មី ឲ្យ ធ្វើ ការ ដឹកនាំ ប្រកប ដោយ ភាព យុត្តិធម៌ និង ត្រូវ មាន ការ ប្រជុំ ជា រៀងរាល់ ព្រឹក ដើម្បី ប្រមូល រាល់ ទិន្នន័យ សកម្មភាព និង ហេតុការណ៍ ផ្សេង ៗ ដេីម្បី រាយការណ៍ ទៅ ដល់ ថ្នាក់ដឹកនាំ និង ធ្វើ ការ ផ្សព្វផ្សាយ ទៅ ដល់ មហាជន ផង ដែរ ។
ជាមួយគ្នា នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម ក៏បាន ណែនាំ ដល់ ប្រធាន មន្ទីរ ថ្មី ឲ្យ មាន ការ ខិតខំ ពង្រឹង សមត្ថភាព វិវត្តន៍ តាម សម័យ កាល ជឿនលឿន ហើយ ទាមទារ ឲ្យ មាន ការ តាំងចិត្ត មុតមាំ ក្នុង ការ ដឹកនាំ មន្ត្រី ក្រោម ឱវាទ ជាពិសេស ត្រូវ ខិតខំ គ្រប់គ្រងនិង តាមដាន ព័ត៌មាន ដេីម្បី ធ្វើ ការ ប្រឆាំង រាល់ ព័ត៌មាន ក្លែងក្លាយ ហើយ ត្រូវ ខិតខំ ផលិត ព័ត៌មាន បទ យកការណ៍ ដេីម្បី ធ្វើ ការ ផ្សព្វផ្សាយ ផងដែរ ៕ ដោយ ៖ ប៉ែន សុផល