ហុងកុង ៖ មេដឹកនាំទីក្រុងហុងកុងលោកស្រី Carrie Lam បាននិយាយកាលពីចុងសប្តាហ៍ថា COVID-19 បានរីករាលដាលហួសពីការគ្រប់គ្រងហើយនៅក្នុងទីក្រុងនេះ ខណៈលោកស្រីបានប្រកាសអំពីកំណត់ត្រាអ្នកឆ្លងប្រចាំថ្ងៃខ្ពស់ជាង១០០ករណីនិងបានបញ្ជាឲ្យមានវិធានការគម្លាតសង្គមថ្មីៗ។ នេះបើយោងតាមប្រភពពី CNA។
មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះគឺជាកន្លែងដំបូងគេដែលត្រូវបានវាយប្រហារដោយវីរុសនៅពេលវាលេចចេញពីភាគកណ្តាលនៃប្រទេសចិនប៉ុន្តែទីក្រុងនេះទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងវាហើយបានបញ្ចប់ការចម្លងក្នុងសហគមន៍នៅចុងខែមិថុនា។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ករណីជាច្រើនបានចាប់ផ្តើមផ្ទុះឡើងម្តងទៀតហើយក្រុមគ្រូពេទ្យព្រួយបារម្ភថា វាកំពុងរីករាលដាលដោយមិនអាចការពារបាននៅក្នុងទឹកដីដែលមានប្រជាជន៧.៥លាននាក់មួយនេះ។
កាលពីថ្ងៃអាទិត្យ លោកស្រីនាយកប្រតិបត្តិ Carrie Lam បាននិយាយថា ការឆ្លងជាង៥០០ករណីត្រូវបានបញ្ជាក់នៅក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយដែលនាំឲ្យចំនួនសរុបរបស់ទីក្រុងនេះកើនដល់១,៧៨៨ករណីជាមួយអ្នកស្លាប់ចំនួន១២នាក់។ មនុស្សជាង១០០នាក់ត្រូវបានបញ្ជាក់ត្រឹមថ្ងៃអាទិត្យមួយថ្ងៃដែលនេះជាកំណត់ត្រាខ្ពស់បំផុតប្រចាំថ្ងៃសម្រាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។
លោកស្រី Lam បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំគិតថាស្ថានភាពនេះពិតជាធ្ងន់ធ្ងរណាស់ហើយមិនមានសញ្ញាណាមួយដែលថាស្ថានភាពកំពុងត្រូវបានគ្រប់គ្រងនោះទេ”។លោកស្រី Lam បានប្រកាសពីវិធានការគម្លាតសង្គមថ្មីកាលពីសប្តាហ៍មុនដោយបានបិទអាជីវកម្មជាច្រើនរួមទាំងរង្គសាល ក្លិបហាត់ប្រាណនិងក្លិបរាត្រីផងដែរហើយបានបញ្ជាឲ្យអ្នករាល់គ្នាពាក់ម៉ាស់នៅលើមធ្យោបាយធ្វើដំណើរសាធារណៈ។
កាលពីថ្ងៃអាទិត្យ លោកស្រី Lam បានប្រកាសពីវិធានការថ្មីៗរួមមានផែនការធ្វើឲ្យវាមានភាពចាំបាច់ក្នុងការពាក់ម៉ាស់នៅខាងក្នុងកន្លែងសាធារណៈណាមួយនិងបទបញ្ជាថ្មីសម្រាប់មន្ត្រីរដ្ឋការឲ្យធ្វើការពីផ្ទះ៕