បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥,៣៦៣,៦៨៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦២៥,៤១២នាក់ និងជាសះស្បើយឡើងវិញ ៩,៣៤០,៧៦៤នាក់។
គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,០៩៩,៧៧៣នាក់ ស្លាប់ចំនួន ១៤៦,១៣៦នាក់ និងជាសះស្បើយចំនួន ១,៩៣៩,៥៧៦នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,២៣១,៨៧១នាក់ ស្លាប់ចំនួន ៨២,៨៩០នាក់ និងជាសះស្បើយ ១,៥៣២,១៣៨នាក់ ខណៈប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,២៣៩,៦៨៤នាក់ ស្លាប់ ២៩,៨៩០នាក់ និងជាសះស្បើយ ៧៨៤,២៦៦នាក់៕