ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន កាលពីរសៀលម្សិលមិញបានដាក់ចេញនូវវិធានការចំនួន៤ចំណុចសំខាន់ៗ នៅមុនថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧ដល់២១ ខែកក្កដា ឆ្នាំ២០២០ខាងមុខ ។
ចំពោះវិធានការទាំង៤នោះរួមមាន ៖
ទី១៖ ណែនាំដល់នាយកដ្ឋានជំរុញចលនាទេសចរណ៍ក្នុងស្រុក និងបញ្ជ្រាបការយល់ដឹងជាសាធារណៈ ធ្វើការសហការជាមួយមន្ទីរទេសចរណ៍រាជធានីខេត្ត ជំរុញការផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥ សណន ស្តីពីចលនាទេសចរណ៍ផ្ទៃក្នុង ស្របតាមការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍នាឱកាសថ្ងៃឈប់សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឱ្យដល់មូលដ្ឋានអាជីវកម្មទេសចរណ៍។
ទី២៖ ណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្តទាំង២៥ ត្រូវអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ១៩ ឱ្យបានកាន់តែរឹងមាំថែមទៀត ដើម្បីធានាបានសុខសុវត្ថិភាព និងការទទួលខុសត្រូវ និងដើម្បីត្រៀមទទួលការធ្វើដំណើរកម្សាន្តទេសចរណ៍ប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ នាឱកាសថ្ងៃឈប់សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលឆាប់ៗនេះ។
ទី៣៖ ណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្តទាំង២៥ យកចិត្តទុកដាក់ខ្ពស់ចំពោះគោលដៅរមណីយដ្ឋានទេសចរណ៍ទាំងអស់ចំពោះការអនុវត្តន៍វិធានសុវត្ថិភាព និងយកចិត្តទុកដាក់ចំពោះបញ្ហាសណ្តាប់ធ្នាប់ដូចដែលធ្លាប់បានអនុវត្តកន្លងមក និងបន្តពង្រឹងគុណភាពភាពសេវាកម្មទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
ទី៤៖ ពង្រឹងការអនុវត្តន៍ប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាម TELEGRAM ដែលជាការចូលរួមក្នុងយន្តការថែរក្សាសុវត្ថិភាព វិធានការ Quarantines ក៏ដូចជាផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកអត្តសញ្ញាណភ្ញៀវទេសចរក្នុងករណីមានផ្ទុកជំងឺកូវីដ១៩ ហើយរត់គេចពីការ Quarantine ដែលអាចនាំឱ្យមានការចម្លងនៅក្នុងសហគមន៍។
ទន្ទឹមនោះលោករដ្ឋមន្ត្រីក៏បានក្រើនរំលឹកដល់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ត្រូវបន្តចូលរួមផ្សព្វផ្សាយ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការការពារនិងរក្សាបាននូវសុវត្ថិភាពទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរដែលធ្វើដំណើរ កម្សាន្តក្នុងប្រទេសកម្ពុជាផងដែរ ។
សូមជម្រាបថា ការដាក់ចេញនូវវិធានការទាំង៤ចំណុចខាងលើនេះធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបការងារអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ (ជំហានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ១៩ រយៈពេល១ខែ អមជាមួយនឹងការប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាម TELEGRAM ដែលបានរៀបចំឡើងនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីអាជ្ញាធរទាំង២៥រាជធានី-ខេត្ត រួមទាំងមន្ត្រីមន្ទីរទេសចរណ៍ គ្រប់បណ្តាខេត្ត និងផ្នែកឯកជនជាច្រើនរូបផងដែរ ៕