អាមេរិក ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថា ពីការឆ្លង COVID-19 សរុបលើស៤លាននាក់ចាប់តាំងពីករណីអាមេរិកដំបូងត្រូវបានបញ្ជាក់នៅក្នុងខែមករាដែលនេះបានឆ្លុះបញ្ចាំងអំពីការកើនឡើងយ៉ាងគំហុកនៃជំងឺរាតត្បាតទូទាំងប្រទេស។ នេះបើយោងតាមប្រភពពី CNA។
របាយការណ៍បានបង្ហាញថា សហរដ្ឋអាមេរិកបានចំណាយពេល ៩៨ ថ្ងៃដើម្បីឈានដល់មួយលានករណីដំបូងនៃវីរុសនេះប៉ុន្តែចំណាយពេលត្រឹមតែ១៦ថ្ងៃប៉ុណ្ណោះសម្រាប់ការកើនឡើងពី៣លានដល់៤លានករណី។ ចំនួនសរុបនេះបានបង្ហាញថា ជនជាតិអាមេរិកយ៉ាងតិចម្នាក់ក្នុងចំណោម៨២នាក់បានឆ្លងជំងឺរាតត្បាតនេះ។
ចំនួនករណីឆ្លងមធ្យមបច្ចុប្បន្នកំពុងកើនឡើងជាង២៦០០ នាក់ក្នុងមួយម៉ោងដែលជាអត្រាខ្ពស់បំផុតនៅលើពិភពលោក។កាលពីថ្ងៃពុធ ការស្លាប់ដោយសារជំងឺកូវីដ១៩បានកើនឡើងជាង១,១០០នាក់សម្រាប់ថ្ងៃទីពីរជាប់ៗគ្នាដែលរួមមានទាំងការកើនឡើងនូវចំនួនអ្នកស្លាប់ប្រចាំថ្ងៃក្នុងកម្រិតកំណត់ត្រានៅរដ្ឋ Alabama, California, Nevada និង Texas ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៅតែទាបជាងកម្រិតដែលគេបានមើលឃើញនៅក្នុងខែមេសានៅពេលដែលមនុស្សជាមធ្យម២,០០០នាក់ក្នុងមួយថ្ងៃបានស្លាប់ដោយសារជំងឺកូវីដ១៩៕