ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៥.៤៦៣ករណី និងឃាត់ខ្លួនមនុស្សចំនួន១០.៨៧៧នាក់ និងចាប់យកគ្រឿងញៀន ចំនួន២៦១គីឡូក្រាម។
តាមរបាយការណ៍សង្ខេបស្ដីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ អានដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ក្នុងកិច្ចប្រជុំស្ដីពីលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្ដសហការសម្របសម្រួល ជាមួយស្ថាប័នអនុវត្តច្បាប់ ទាំងក្នុងក្របខណ្ឌជាតិ និងអន្ដរជាតិ ក្នុងការពង្រឹង ការអនុវត្តវិធានការអនុវត្តច្បាប់ ក្នុងឆមាសទី១។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បញ្ជាក់ថា «បទល្មើសគ្រឿងញៀន សរុបបង្ក្រាបបាន៥.៤៦៣ករណី បើធៀបនឹងឆមាស ទី១ ឆ្នាំ២០១៩ មានចំនួន៤.១៧៥ករណី កើនលើស១.២៨៨ករណី ស្មើនឹង៣០.៨៥%»។
ចំណែក ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួន សរុបមាន ចំនួន១០.៨៧៧នាក់ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន៨.៩១១នាក់ កើនលើសចំនួន១.៩៦៦នាក់ ស្មើនឹង២២.០៦% ក្នុងនោះមាន ជនជាតិខ្មែរ១០.៧០០នាក់ និងជនបរទេស១៧៧នាក់ ស្មើនឹង១៥ជនជាតិ។
នាយឧត្តមសេនីយ៍លើកឡើងថា សមត្ថកិច្ចចាប់យកគ្រឿងញៀន មានចំនួនសរុប២៦១គីឡូក្រាម និង៩៧៧,៧២ក្រាម បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួនសរុប៣៤១គីឡូក្រាម និង៩៧៤,៤៧ក្រាម ថយចុះ៨០គីឡូក្រាម និង០៩៦,៧៥ក្រាមស្មើនឹង២៣,៤៣% ។ ជាពិសេស មធ្យោបាយ សម្ភារៈនិងឧបករណ៍ ផលិតកែច្នៃគ្រឿងញៀន ដែលបានចាប់យក ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន និងបានបញ្ជូន ទៅសាលាដំបូង រាជធានី-ខេត្ត ជាច្រើនផងដែរ៕