ប៉េកាំង ៖ អាជ្ញាធរប្រទេសចិននៅថ្ងៃសុក្រនេះបានបញ្ជាឱ្យសហរដ្ឋអាមេរិកបិទស្ថានកុងស៊ុលរបស់ខ្លួន ប្រចាំទីក្រុង Chengdu ខេត្តស៊ីឈួន ដើម្បីជាការសងសឹកចំពោះទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានបញ្ជាឱ្យបិទស្ថានកុងស៊ុលចិន នៅទីក្រុង Houston រដ្ឋ Texas កាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាមប្រភពពី CNA។
ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការបញ្ជាឲ្យបិទស្ថានកុងស៊ុល អាមេរិកនៅទីក្រុង Chengdu គឺជាការឆ្លើយតបស្របច្បាប់និងចាំបាច់ចំពោះវិធានការមិនសមហេតុផលរបស់សហរដ្ឋអាមេរិកដែលធ្វើមកលើចិន។
ក្រសួងការបរទេសចិនបានជូនដំណឹងដល់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិនអំពីការសម្រេចចិត្តបិទអគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុង Chengdu។ ចិននិយាយថា ស្ថានភាពបច្ចុប្បន្ននៅក្នុងទំនាក់ទំនងចិន-អាមេរិក គឺមិនមែនជាអ្វីដែលប្រទេសចិនចង់ឃើញនោះទេ ប៉ុន្តែបញ្ហាទាំងអស់គឺអាមេរិកជាអ្នកបង្កឡើង។
សូមជម្រាបថា ចំណងទាក់ទងរវាងអាមេរិកនិងចិន បានឈានដល់ដំណាក់កាលកាន់តែយ៉ាប់យ៉ឺនៗ ដោយសារបញ្ហាមួយចំនួនរាប់ចាប់ពី ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការធ្វើពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង ក៏ដូចជាសកម្មភាពទាមទារទឹកដីរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងដែរ។
បន្ថែមពីលើនេះទីក្រុងវ៉ាស៊ីនតោនបានដាក់សម្ពាធមកលើប្រទេសចិនមួយកម្រិតទៀត តាមរយៈការប្រកាសទុកពេល៧២ម៉ោងដើម្បីឱ្យទីក្រុងប៉េកាំងបិទស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង Texas ដោយចោទប្រកាន់ពីបទលួចកម្មសិទ្ធិបញ្ញា និងការប្រព្រឹត្តអំពើចារកម្មផ្សេងទៀត៕