ញូដេលី ៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃសុក្រនេះថា បានកត់ត្រាចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៤៩,៣១០ករណី និងអ្នកស្លាប់ថ្មីៗចំនួន ៧០៤នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងនៅទូទាំងប្រទេស។ នេះបើយោងតាមប្រភពពី CNA។
ប្រការនេះបានធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះកើនដល់ជាង ១,២៨៧,៩០០ករណី ដោយក្នុងនោះអ្នកជំងឺសរុបជាង ៣០,៦០០នាក់ស្លាប់ និងជាង ៨១៧,២០០នាក់ទៀត បានជាសះស្បើយឡើងវិញ។
អត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅប្រទេសឥណ្ឌា គឺមានការកើនឡើងជាលំដាប់ ហើយគ្មានសញ្ញាថា នឹងអាចថមថយនៅឡើយទេ ខណៈប្រទេសដែលមានចំនួនប្រជាជនប្រមាណ ១.៣ពាន់លានមួយនេះ កំពុងឈរនៅលំដាប់ថ្នាក់លេខ ៣ ក្នុងចំណោមបណ្តាប្រទេស ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៅទូទាំងសកលលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល៕